បរទេស៖ ក្រុម Atletico Madrid ដែល​ជាម្ចាស់​ជើង​​ឯក​ក្រប​ខ័ណ្ឌ La Liga បាន​ជួប​រដូវ​កាល​ដែលមិន​ទៀង​ទាត់​មួយ​មក​ទល់ពេលនេះ ប៉ុន្តែ នៅ​ទី​បំផុត ពួកគេ​កំពុង​តែ​បង្ហាញ​ពី​ស្មារតី​ប្រយុទ្ធ ខណៈ​ដែលពួកគេ​ត្រៀម​ធ្វើ​ជាម្ចាស់ផ្ទះ​ទទួលក្រុម Manchester United ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​១ របស់ពួកគេ​នៅ​រត្រីនេះ​។

នេះ​បើយោង​ទៅតាមការ​បញ្ជាក់​របស់លោក​គ្រូបង្វឹក Diego Simeone​។ ក្រុម Atletico បាន​ជួប​ភាព​ត្រដាប​ត្រដួស​ក្នុង​ក្រប​ខ័ណ្ឌលីក​ក្នុងស្រុក​របស់ខ្លួន ខណៈ​ដែលពួក​គេ​កំពុង​តែ​ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ​៦ នៅលើ​តារាង​ក្រប​ខ័ណ្ឌ La Liga ប៉ុន្តែ បាន​បង្ហាញពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ទាក់​ទាញក្នុងពេលពួកគេ​បានផ្តួលក្រុម Osasuna ក្នុងលទ្ធផល ៣-០ កាលពី​ចុងសប្តាហ៍​ថ្មី​ៗនេះ​។ ជ័យ​ជម្នះនេះ បាន​ជួយ​ឲ្យក្រុម Atletico ស្ថិតក្នុង​ការត្រៀម​ខ្លួន​យ៉ាងល្អ​សម្រាប់​ការ​ប្រកួត​ជាមួយនឹងក្រុម Man United​។

លោក Simeone បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន​កាលពីថ្ងៃ​អង្គារ​ថា៖ «ខ្ញុំ​ផ្តោត​លើ​ការ​រីក​ចម្រើន​ដែលខ្ញុំ​កំពុង​តែមើល​ឃើញ​កើត​ឡើង​ជា​រៀង​រាល់ថ្ងៃ​។ ខ្ញុំ​ឃើញ​កីឡាករ​របស់​ពួកគេ​ស្វែង​រក​ស្មារតី​ជាក្រុម​របស់យើង ដូច​ដែលយើង​បាន​ឃើញ​នៅ​ថ្ងៃ​ដែលយើង​បានផ្តួល​ក្រុម Osasuna ៣-០ អ៊ី​ចឹង​។ ជា​ការរំពឹង​ទុក ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម Manchester United យើង​មាន​ស្មារតី​ជាក្រុមនោះ ពីព្រោះ​នោះ​គឺ​ជា​ផ្លូវដែលយើង​ប្រកួត​បានយ៉ាងល្អ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia