បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានសារភាពថានៅមិនទាន់ប្រាកដពីស្ថានភាពរបួស របស់ Mateo Kovacic និង Hakim Ziyech ថាតើពួកគេទាំងពីរនិងត្រូវដាក់ឈ្មោះអោយមានវត្តមាន ការប្រកួតវគ្គផ្តាច់ព្រ័ត្រ EFL Cup នៅថ្ងៃអាទិត្យទល់នឹងហង្សក្រហម Liverpoolរឺយ៉ាងណាទេ។
គួរបញ្ជាក់ថាខ្សែបម្រើកណ្តាល និង បម្រើ-ប្រយុទ្ធស្លាបទាំងពីរ ត្រូវបានប្តូរចេញ អំឡុងពេលចាប់ផ្តើមការប្រកួតនៅតង់ទីពីរទល់នឹង Lille នៅរាត្រីថ្ងៃអង្គារ។ អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់នៅតែមានសុទិដ្ឋិនិយមមុនការប្រកួតនៅទឹកដី Wembley បើទោះបីកំពុងជួបវិបត្តិកីឡាកររបួស។
អតីតគ្រូបង្វឹកPSGត្រូវបានដកស្រង់សម្តីដោយ BT Sport ថា៖ «ខ្ញុំមិនដឹងទេ។ ខ្ញុំគួរណាស់តែប្តូរ Mateo Kovacic ចេញតាំងពីបញ្ចប់តង់ទីមួយមកម្លេះ។ ខ្ញុំមិនបាននិយាយជាមួយគ្រូពេទ្យអំពីរបួស Hakim ទេ ហើយសង្ឃឹមថាវាមិនធ្ងន់ធ្ងរឡើយ។ គិតចាប់ពីថ្ងៃនេះ យើង មានពេលសម្រាកច្រើនរហូតដល់ថ្ងៃអាទិត្យ។ហើយខ្ញុំសង្ឃឹមថាពួកគេនឹងត្រៀមខ្លួនសម្រាប់ថ្ងៃអាទិត្យ»។ ការប្រកួតក្របខណ្ឌ Champion League ជើងទីមួយកាលពីថ្ងៃពុធ ខ្សែបម្រើអន្តរជាតិអាឡឺម៉ង់ Kai Havertz និងខ្សែប្រយុទ្ធស្លាបអន្តរជាតិអាមេរិក Christian Pulisic រកបានជ័យជំនះក្នុងលទ្ធផល២ទល់និង០សម្រាប់ វគ្គ ១៦ ក្រុមចុងក្រោយរបស់ពួកគេ៕