បរទេស៖ ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​រដូវ​កាល​នេះ នឹង​ត្រូវ​ប្តូរ​ពី​ទីក្រុង St Petersburg ស្រប​ពេល​ដែល​​សម្ពាធ​​លើ​កីឡា​បាល់ទាត់ ក្នុង​ការឆ្លើយ​តប​​ឲ្យ​បាន​ខ្លាំង​ក្លា​ទៅ​កាន់​ការឈ្លាន​ពាន​ផ្នែក​យោ​ធា​របស់​រុស្ស៊ី ស្រប​ពេល​ដែល​វិបត្តិ​នៅ​អ៊ុយ​ក្រែន កាន់​តែ​មាន​កម្រិត​ធ្ងន់​ធ្ងរ​កាលពីថ្ងៃព្រហស្បតិ៍​។ កិច្ច​ប្រជុំ​​​គណៈ​កម្មា​ធិការ​ប្រតិបត្តិ​វិសាមញ្ញ​មួយរបស់ UEFA នឹង​ត្រូវ​រៀប​ចំឡើង​នៅ​ថ្ងៃសុក្រ​នេះ ហើយ​កីឡដ្ឋាន​ថ្មីមួយ​ អាច​នឹង​ត្រូវ​បាន​ជ្រើស​រើស​សម្រាប់​ការ​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រ​​នៃ​យុទ្ធនា​ការ​ដ៏​មាន​កិត្យា​នុ​ភាពបំផុត​​របស់​អឺ​រ៉ុប​​។ សហ​ព័ន្ធ​កីឡា​បាល់​ទាត់​​អន្តរ​ជាតិហៅ​កាត់ថា FIFA ក៏​កំពុង​តែ​រង​នូវ​សម្ពាធ​ផ​ងដែរ ជុំ​វិញ​ការ​ប្រកួត​ជម្រុះ World Cup និង​តួនាទី​របស់​រុស្ស៊ី ក្នុង​វគ្គ​ Playoff នៅ​ថ្ងៃ​ដែល៖

-សហ​ព័ន្ធ​​កីឡាបាល់​ទាត់​ប៉ូឡូញ សា​ធារណៈ​រដ្ឋ​ឆែក និង​ស៊ុយ​អែត បាន​បដិ​សេធ​មិន​ធ្វើ​ដំណើរ​ទៅ​រុស្ស៊ី សម្រាប់​ការ​ប្រកួត​ជម្រុះ World Cup វគ្គ Playoff​។

-សហ​ព័ន្ធ​កីឡា​បាល់ទាត់​អ៊ុយ​ក្រែន បាន​អំពាវ​នាវ​ឲ្យដក​សិទ្ធិ​របស់​​រុស្ស៊ី ចេញពី​យុទ្ធនា​ការ​របស់ FIFA និង UEFA​។​

-សភាអឺ​រ៉ុប បាន​សរសេរ​លិខិត​ទៅកាន់ UEFA ដើម្បី​ទាម​ទារ​ឲ្យ​បញ្ចប់​ទំនាក់​ទំនង​របស់​ពួកគេ​ជាមួយនឹង​ក្រុមហ៊ុនរុស្ស៊ី Gazprom ស្រប​ពេល​ដែលក្លិប​អាល្លឺ​ម៉ង់ Schalke បាន​លុប​ឈ្មោះ​ក្រុមហ៊ុន​ឧស្ម័ន​មួយនេះ ចេញពី​អាវ​របស់​ខ្លួន​។

-រដ្ឋា​​ភិបាល​​ចក្រ​ភព​អង់គ្លេស បាន​ដាក់​បម្រាម​​មិន​ឲ្យ​ក្រុមហ៊ុន​អាកាស​ចរណ៍​រុស្ស៊ី Aeroflot ដែលមាន​កិច្ច​សន្យា​ឧបត្ថម្ភ​ក្លិប Manchester United ក្នុង​ទឹក​ប្រាក់​៤០លាន​ផោន ធ្វើ​ប្រតិបត្តិ​ការ​ក្នុង​ប្រទេស​របស់​ខ្លួន​៕

 

ប្រភព​ព័ត៌មាន៖ The Guardian