បរទេស៖ លោក Jurgen Klopp បាននិយាយកាលពីថ្ងៃអង្គារថា វិទ្យាសាស្ត្រផ្នែកចិត្តិវិទ្យា កំពុងតែជួយដល់ការប្រជែងរបស់ Liverpool ដើម្បីឈ្នះពាន៤ដែលមិនធ្លាប់មានពីមុនមក។
ក្រុមរបស់លោក Klopp បានឈ្នះពានទី១ក្នុងចំណោមពានធំៗ៤ដែលពួកគេកំពុងតែប្រជែងដណ្តើមយកនៅរដូវកាលនេះ ក្រោយពីបានយកឈ្នះលើក្រុម Chelsea ក្នុងការស៊ុតបាល់ប៉េណាល់ទី ១១-១០ ក្នុងការប្រកួតដណ្តើមពាន League Cup វគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។ លោក Klopp ជឿជាក់ថា ការជឿជាក់របស់លោកក្នុងបច្ចេកវិទ្យាទំនើប កំពុងតែដើរតួនាទីដ៏សំខាន់សម្រាប់ការទទួលបានជោគជ័យរបស់ក្រុមរបស់លោក។ គ្រូបង្វឹករបស់ Liverpool រូបនេះ បានប្រើប្រាស់សេវាជាច្រើនរបស់ក្រុមហ៊ុនអាល្លឺម៉ង់ Neuro11 កាលពី២ឆ្នាំមុន ដើម្បីអនុវត្តវិធីសាស្ត្រហ្វឹកហាត់ពង្រឹងផ្នែកស្មារតី។
លោកក៏បានប្រើប្រាស់វិទ្យាសាស្ត្រដ៏ទំនើបនេះ ដើម្បីធ្វើឲ្យស្មារតីក្រុមមានភាពរឹងមាំ ក្នុងពេលស្ថិតក្នុងដំណាក់កាល set-piece នានា ដូចជា ការស៊ុតបាល់ប៉េណាល់ទី ជាដើម ដោយពួកគេបានស៊ុតបាល់បញ្ចូលទីទាំង១១គ្រាប់ក្នុងពេលយកឈ្នះលើក្រុម Chelsea។ លោក Klopp បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ «វាពិតជាមានឥទ្ធិពលដ៏អស្ចារ្យ។ ពួកគេគឺជាផ្នែកមួយក្នុងបុគ្គលិកគ្រូបង្វឹករបស់យើង។ ពួកគេមិនស្ថិតនៅជាមួយយើងជារៀងរហូតឡើយ។ ពួកគេស្ថិតក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែ ពួកគេមកទីនេះជាញឹកញាប់»៕
ប្រភពព័ត៌មាន៖ Channel News Asia