បរទេស៖ លោក Thomas Tuchel បាន​ជំ​រុញ​ឲ្យ​អ្នក​យក​ព័ត៌​មាន ឈប់​សួរ​រូប​លោក​នូវ​សំណួរ​នានា អំពីការ​ឈ្លាន​ពាននៅ​អ៊ុយក្រែ និង​ផែន​ការ​របស់​លោក Roman Abramovich ក្នុងការ​ប្រគល់​សិទ្ធិមើល​ថែ​ទាំ​ក្លិប Chelsea ទៅ​ឲ្យ​មូលនិធិ​មនុស្ស​ធម៌​របស់ក្លិប​នេះ​។

អ្នក​ចាត់​ការ​ទូទៅ​របស់ Chelsea រូបនេះ កំពុង​តែរៀបចំ​​សន្និ​ទី​សារ​ព័ត៌​មានមួយ នៅមុន​ពេល​ការ​ប្រកួត​ពាន FA Cup ជាមួយនឹងក្រុម Luton Town នៅ​រាត្រីនេះ ហើយ​លោក​បាន​បាត់​បង់​ការ​ស្ងប់​អារម្មណ៍​របស់​លោក ក្រោយពី​ត្រូវ​បាន​ចោទ​សួរ​សំណួរ​ដដែល​ៗ​ជាច្រើន​​លើក​ពេក ចំពោះ​មតិ​របស់លោក​​​ស្តីពីសង្គ្រាម​នៅ​អ៊ុយក្រែន​។ លោក Tuchel ក៏​បាន​រងនូវ​ការ​ចោទ​សួរ​ជាច្រើន​អំពី​​លោក Abramovich ផង​ដែរ ក្រោយពី​មហា​សេដ្ឋី​រូបនេះ បាន​ប្រកាស​ថា លោក​នឹង​បោះ​បង់​ការ​មើល​ថែ​ក្លិប Chelsea បន្ទាប់​ពីមាន​ការ​អំពាវ​នាវ​មួយ​ក្នុង​រដ្ឋសភាឲ្យ​លោក​រង​នូវ​ការ​ដាក់​ទណ្ឌ​កម្ម​។

គ្រូបង្វឹក​រូបនេះ ក៏​បាន​ផ្ទុះ​កំហឹង​ផង​ដែរ ក្រោយពី​​ត្រូវ​បាន​ចោទ​សួរ​ថា​តើ លោក​សង្ឃឹម​ថា លោក Abramovich ដែល​មាន​សញ្ជាតិ​រុស្ស៊ី អាច​ជួយ​សម្រប​សម្រួល​ស្វែង​រក​សន្តិ​ភាពរវាង​អ៊ុយក្រែន និង​រុស្ស៊ី បាន​ឬ​អត់​។ លោក Tuchel បាន​ឲ្យដឹងថា៖ «ស្តាប់​ខ្ញុំ ស្តាប់​ខ្ញុំ អ្នក​ត្រូវ​តែ​បញ្ឈប់​។ ខ្ញុំមិនមែន​ជា​អ្នក​នយោ​បាយ​ឡើយ​។ អ្នកត្រូវ​តែ​បញ្ឈប់​។ ខ្ញុំ​​អាច​និយាយ​តែ​ម្តង​នេះ​ទៀត​ទេ​»៕

 

ប្រភព​ព័ត៌​មាន៖ The Guardian