បរទេស៖ លោកមហា​សេដ្ឋី Roman Abramovich សញ្ជាតិ​រុស្ស៊ី ដែល​ជាម្ចាស់​ក្លិប Chelsea បាន​និយាយ​កាលពីថ្ងៃពុធ​ថា លោក​បាន​សម្រេច​ចិត្ត «ដ៏លំបាក​បំផុត» ដើម្បី​លក់ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League មួយ​នេះ ដោយ​សន្យា​ថា ប្រាក់​ដែលបាន​ពីការលក់​ទាំង​អស់ នឹង​ត្រូវ​ផ្តល់​ឲ្យ​ជន​រងគ្រោះ​ដោយ​សារ​តែ​សង្គ្រាម​នៅ​អ៊ុយក្រែន​។

មហា​សេដ្ឋី​រូបនេះ ជឿជាក់​ថា វា​គឺ​ជាការផ្តល់ «​អត្ថ​ប្រយោជន៍ដ៏​ធំ​​បំផុត» សម្រាប់ក្រុម​ម្ចាស់ជើង​​ឯក​ក្រប​ខ័ណ្ឌ Champions League មួយនេះ ប្រសិន​បើ​លោក​​ចែកផ្លូវ​ជាមួយនឹងក្លិប​ ដែលលោក​បាន​អភិវឌ្ឍ ចាប់​តាំងពី​លោ​បាន​ទិញ​កាលពីឆ្នាំ​២០០៣​។ ការ​សម្រេច​ចិត្ត​ដ៏​រំ​ជួល​ចិត្ត​នេះ កើត​ឡើង​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​លោក Abramovich បាន​​និយាយ​ថា ​លោក​​នឹង​ប្រគល់​សិទ្ធិ​គ្រប់គ្រង​ក្លិប Chelsea ទៅ​ឲ្យ​អ្នក​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​​​ដែល​មក​ពី​មូល​និធិ​សប្បុរស​ធម៌​របស់ក្លិប ក្រោយពី​ការ​ឈាន​ពាន​របស់​រុស្ស៊ី លើ​ប្រទេស​អ៊ុយក្រែន​។ លោក Abramovich បាន​និយាយ​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ «ខ្ញុំ​តែង​តែ​បាន​ធ្វើការ​សម្រេច​ចិត្ត​ជាច្រើន ដោយ​យក​អត្ថ​ប្រយោជន៍​របស់​ក្លិប​ជា​ធំ​។ ក្នុង​ស្ថាន​ភាព​នាពេលបច្ចុប្បន្ននេះ ខ្ញុំ​បាន​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ការ​លក់​ក្លិប​នេះ ដោយ​ខ្ញុំ​ជឿ​ថា នេះ​គឺ​ជា​​ការ​គិត​ដល់​អត្ថ​ប្រយោជន៍​ក្លិប​ អ្នក​គាំទ្រ និយោជិត ក៏ដូច​ជា​ម្ចាស់​ឧបត្ថម្ភ និង​ដៃគូ​សហ​ការ​របស់ក្លិបជា​ធំ​»​។

ក្លិប Chelsea បច្ចុប្បន្ន​កំពុង​​ជំ​ពាក់​បំណុល​​​លោក Abramovich ប្រមាណ​ជា​១,៥លាន​ផោន ប៉ុន្តែ លោក​នឹង​ស្នើ​សុំ​​ឲ្យ​សង​កម្ចី​នោះឡើយ ស្រប​ពេល​ដែល​លោកក៏​នឹង​លក់​ទ្រព្យ​សម្បត្តិ​របស់​លោកក្នុង​ទីក្រុង​ឡុងដ៍​ផង​ដែរ​។ ក្រោម​រជ្ជ​កាល​គ្រប់​គ្រង​របស់​លោក Abramovich ក្លិប Chelsea បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ចំនួន​១៩ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ពាន​ក្រប​ខ័ណ្ឌ Champions League ២លើក និង Premier League ៥លើក​ផងដែរ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia