ក្រុមជើង​ឯក​៧សម័យកាល ភ្នំពេញ​ក្រោន វិសាខា ព្រះខ័នរាជស្វាយរៀង បឹងកេត ណាហ្គាវើលដ៍ ក្រុមកង​យោធពល​ខេមរភូមិន្ទ (ទ័ព) អង្គរ​ថាយហ្គឺរ និងក្រុម​គិរីវង់សុខសែន​ជ័យ នឹង​​​ចាប់​​ផ្តើមបើកការ​ប្រកួតជា​ផ្លូវ​ការ នៅលីគកំពូល​កម្ពុជា រដូវ​កាលថ្មី ឆ្នាំ​២០២២​នេះ ដើម្បី​ស្វែង​​រក​ក្រុមជើង​ឯក នៅក្នុងការ​ប្រកួតរបត់ថ្មី​មួយនេះ។

ក្រោមរបត់​រៀបចំ​ការ​ប្រកួត​ថ្មី​របស់​ក្រុមហ៊ុនលីគបាល់​ទាត់កម្ពុជា ដោយមាន​ជន​ជាតិ​ជប៉ុន លោក Satoshi Saito ជា​នាយកប្រតិបត្តិ​នោះ គឺ​ការប្រកួតលីគកំពូល​កម្ពុជា ឆ្នាំ​២០២២​នេះ បាន​ផ្លាស់ប្តូរ​ទាំង​ស្រង់ ទាំងទម្រង់នៃការ​រៀបចំ រូបមន្តប្រកួត ហើយ​អ្វី​ដែលពិសេស​នោះ គឺ​បាន​​កំណត់​យកត្រឹម​៨​ក្រុមប៉ុណ្ណោះ​ ដោយ​ក្រុមទាំង​៨ ត្រូវ​ប្រកួតគ្នា​ចំនួន​៣​ជុំ រួច​បន្ត​យក​ក្រុម​កំពូល​​តារាងទាំង​៤ (Top4) ប្រកួត១ជុំទៀត ទើប​បូកពិន្ទុ​សរុប ​រក​ក្រុម​ម្ចាស់​ជើង​ឯក។

សម្រាប់​ក្រុម​ទាំង​៨ក្រុម សុទ្ធតែ​បានអះអាង ពីការ​ត្រៀម​ខ្លួន ​យ៉ាង​ល្អ តាម​រយៈ​ការ​រៀបចំ​ទាំងទម្រង់លេងថ្មី និងការ​នាំយក​កីឡាករ​ល្អៗ ជាពិសេស​កីឡាករបរទេស យកមក​ជួយ​ក្រុម ដោយ​ក្នុង​នោះ មាន​តែ​ក្រុមណាហ្គាវើលដ៍ និងបឹងកេត បានប្រើកីឡាករ​បរទេស​ត្រឹម​៤នាក់ ខណៈ​ក្រុមចំនួន​៦​ទៀត បានប្រើកីឡាករ​បរទេស​៥នាក់ ទៅតាមកូតា បានកំណត់​ដូចគ្នា ហើយ​ជាមួយគ្នានេះ ក្រុមវិសាខា ណាហ្គាវើលដ៍ អង្គរថាយហ្គឺរ  និងគិរីវង់ សុទ្ធតែ​បានផ្លាស់ប្តូរគ្រូ​បង្គោល​ដូចគ្នា។

យ៉ាងណា​ក៏ដោយ នៅក្នុង​បេក្ខភាព​ក្រុមទាំង​៨នេះ ភ្នំពេញក្រោន វិសាខា និងបឹងកេត បាន​ដាក់​គោលដៅ​ខ្ពស់ជាងគេ ដោយសុទ្ធតែត្រូវការ​ឈ្នះពាន​ដូចគ្នា ចំណែក​ក្រុមណាហ្គាវើលដ៍ ស្វាយរៀង ទ័ព អង្គរថាយហ្គឺរ ក៏​បានផ្តោតខ្លាំង​ទៅលើ​ការប្រជែង​យកពាន​ផងដែរ ខណៈ​គិរីវង់ ដែល​ធ្លាប់ចាញ់​ក្រុមទាំង​៧​ខាងលើ​នេះ កាលពីរដូវកាល ឆ្នាំ​២០២១ ក៏បានប្តេជ្ញាចិត្ត រក​ឱ្យបាន​លទ្ធផល​ល្អប្រសើរ​ផងដែរ។

លោក លី ហៀង អគ្គលេខាធិការ​ក្លិប​ភ្នំពេញ​ក្រោន បាននិយាយ ក្នុងពេល​បង្ហាញឡូហ្គោ​ថ្មី របស់លីគកំពូលកម្ពុជា ​ថា៖​ «ជាទស្សនៈទូទៅ ​ក្រុម​ម្ចាស់ជើង​ឯក តែងតែ​មាន​សម្ពាធ​​ខ្ពស់​ជាង​ក្រុមផ្សេង​ៗ​ទៀត ព្រោះ​យើង​ជឿថា គ្រប់ក្រុមទាំង​អស់ គេចង់​ឈ្នះក្រុមជើង​ឯក។ តែទោះ​យ៉ាង​ណា ជា​គោលដៅរួម​របស់​ក្លិប គឺ​យើងមិន​បានដាក់ សម្រាប់ប្រជែង​យកលេខ​២ ឬ​លេខ៣​នោះទេ គឺ​គ្រប់លទ្ធភាព​ទាំងអស់ យើង​ដាក់គោលដៅ​យកជើង​ឯក ហើយ​បើ​យើង​​មិន​បាន​ជើងឯក មានន័យ​ថា យើង​បរាជ័យ១​ឆ្នាំ»។

ស្រដៀង​គ្នា​នេះ ​លោក ហុក សុចិត្រា អគ្គលេខាធិការ​ក្លិបបាល់ទាត់វិសាខា បាន​និយាយ​ថា៖​«​សម្រាប់គោល​ដៅ​របស់​វិសាខា ដែលបានដាក់ចេញ​កន្លងមក នៅក្នុង​ការ​ប្រកួតទាំងអស់ គឺ​ឈ្នះ​ជើង​ឯង តែបើមិនបានជើងឯក មាន​ន័យ​ថា យើង​បរាជ័យ អ៊ីចឹងគោលដៅ​ធំ​របស់ក្លិប នៅ​រដូវ​កាលនេះ គឺ​ឈ្នះ​ជើង​ឯក»។

ចំពោះ​ក្រុមបឹងកេត ដែល​បានប្រើ​កីឡាករ​បរទេស​ត្រឹម​៤នាក់ ជាបណ្តោះអាសន្ន​នោះ ត្រូវ​បាន​លោក បែ មករា ជា​អ្នក​ចាត់ការ​ទូទៅ​​ក្រុម​នេះ បាន​បញ្ជាក់ថា​៖ «​ឆ្នាំ ​២០២១ ជា​រដូវ​កាល​​ដ៏​​ខក​​ចិត្ត​បំផុត សម្រាប់​បឹងកេត ដែល​មិន​ធ្លាប់មាន នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្លិប ដោយ​បាន​​ធ្លាក់​ទៅ​លេខ​ ៥ ជា​លើកដំបូង អ៊ីចឹង​ដើម្បី ស្តារ​មុខមាត់​ក្លិប​ឡើងវិញ ក្នុង​រដូវ​កាល​ថ្មី​នេះ ក្លិប​​បានរៀបចំ​នូវ​ផែនការ​យុទ្ធសាស្ត្រ​មួយចំនួន ព្រោះ​គោលដៅ​របស់​យើង​ត្រូវតែ​ឈ្នះ​ជើង​ឯក​»​។​

យ៉ាងណាមិញ សម្រាប់ការ​ប្រកួត​បើកឆាក នៅថ្ងៃ​សៅរ៍​នេះ ក្រុមបឹងកេត ត្រូវស្វាគមន៍​ក្រុម​ណាហ្គាវើលដ៍ នៅកីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ នា​រសៀល​ម៉ោង ៣:៤៥ ស្របពេល​ អង្គរ​ថាយហ្គឺរ ត្រូវទទួលក្រុមវិសាខា នៅ​កីឡដ្ឋានហនុមាន ចំណែកក្រុម​ភ្នំពេញក្រោន ត្រូវជួបក្រុម​ម្ចាស់ផ្ទះទ័ព នៅកីឡដ្ឋានស្តាតចាស់ នា​ល្ងាច​ម៉ោង ៦:៣០ ហើយក្រុម​ស្វាយរៀង ត្រូវ​ស្វាគមន៍​ក្រុម​​គិរីវង់ នៅកីឡដ្ឋាន​ខេត្តស្វាយរៀង នា​ម៉ោង ៦:៣០ ដូចគ្នា៕