«ខ្ញុំ​បានសម្រេច​ចិត្ត បញ្ចប់អាជីព​ជាកីឡាករ​​បាល់​ទាត់ នៅ​ពេលនេះ​ហើយ» នេះ​ជាសម្តី ដែល​​ផុស​ចេញ​ពី​មាត់របស់ខ្សែ​ការពារ​ដ៏​ល្អ ហុង ផេង នៅពេល​រូបគេ​ បានប្រកាស​ចូលនិវត្តន៍​ជា​កីឡាករ​បាល់​ទាត់ កាលពី​ថ្ងៃសៅរ៍ គឺ​ស្របពេល​ក្រុម​បឹងកេត និងវិសាខា ដណ្តើមបាន​៣ពិន្ទុ​ពេញ​​ដូចគ្នា នៅក្នុងការ​ប្រកួត​បើក​ឆាក​លីគកំពូល​កម្ពុជា រដូវកាល​ថ្មី ឆ្នាំ​២០២២ ប៉ុន្តែ​ក្រុម​ការពារ​​តំណែង​ជើង​ឯក ភ្នំពេញក្រោន បានត្រឹម១ពិន្ទុ។

​ហុង ផេង ដែល​ធ្លាប់​ពាក់​ស្លាក​លេខជាប្រធាន​ក្រុម នៅ​​បឹងកេត នោះ ត្រូវ​បាន​គេ​ទទួល​ស្គាល់ថា ជា​ខ្សែ​ការពារ​កណ្តាល ដែល​មានសមត្ថ​ភាពលេចធ្លោរ​ជាង​គេ ទាំង​ការ​លេង​ឱ្យ​បឹងកេត និងក្រុមជម្រើសជាតិកម្ពុជា ប៉ុន្តែ​បញ្ហា​របួស បាន​ធ្វើ​ឱ្យកីឡាករ​រូបនេះ បានឃ្លាតឆ្ងាយ​ពីទី​លាន​ប្រកួតជាង​១ឆ្នាំមក​ហើយ។

សម្រាប់ការ​បង្ហាញ​ខ្លួនជាថ្មី នៅកីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ កាលពី​ថ្ងៃសៅរ៍ កន្លង​មកនេះ វា​បាន​ក្លាយជា​ថ្ងៃ​ចុង​ក្រោយ​របស់ ហុង ផេង ក្នុងការ​ប្រកាស​លា​អ្នកគាំ​ទ្រ​របស់​ក្លិប​បឹងកេត សម្រាប់​អាជីពជា​កីឡាករ​នេះ ​ហើយគ្រប់គ្នា ហាក់មានការអារម្មណ៍​ក្តុក​ក្តួល​ផងដែរ ចំពោះ​ការ​ចូល​​​និវត្តន៍​របស់​ខ្សែ​ការពារ​ដ៏​ល្អ​មួយនេះ។

យ៉ាង​ណា​ក៏​ដោយ បន្ទាប់ពី​ជួបស្ថាន​ភាព​សង្វេគ​ចិត្ត​ជាមួយការ​លាចុង​ក្រោយ​​របស់ ហុង ផេង នេះ ក្រុម​បឹងកេត បែរជា​បង្កើត​បាន​នូវ​ភាព​រីក​រាយវិញ សម្រាប់អ្នកគាំ​ទ្រ​របស់​ខ្លួន ខណៈ​ពួក​គេ បាន​ប្រើ​ទម្រង់លេង​យ៉ាង​ល្អ ដើម្បីយក​ឈ្នះ​ក្រុមណាហ្គាវើលដ៍ ៣-១ នោះ ដែល​៣​គ្រាប់នេះ រកបាន​ដោយខ្សែ​ប្រយុទ្ធ ម៉ាត់ នូរុណ នៅនាទីទី​២៦ និងទី​៦៥ និង សៀង ចន្ធា ១​គ្រាប់ នៅនាទីទី​៩០  ខណៈ​១​គ្រាប់​របស់​ណាហ្គា ជាការ​ស៊ុតបាល់ពិន័យ​១១ម៉ែត្រ​បានសម្រេច​ពី​សំណាក់ខ្សែ​ប្រយុទ្ធប្រេស៊ីល Da Cruz នៅ​នាទី​ទី​១៣។

ស្រដៀង​គ្នា​នេះ ក្រុមវិសាខា បាន​យក​ឈ្នះ​ក្រុមម្ចាស់​ផ្ទះ​អង្គរ​ថាយហ្គឺរ ៣-១ ដូចគ្នា។ គ្រាប់បាល់ជ័យជម្នះ​ទាំង​៣​នេះ ជា​ការ​ធ្វើបានសម្រេច​រួមគ្នា​របស់​ខ្សែ​បម្រើ​ប្រយុទ្ធកូរ៉េខាងត្បូង Lee Jaegun នៅ​នាទី​ទី​៣៨ ច្រឹង ពលរដ្ឋ នៅ​នាទី​ទី​៤៥​ និង កែវ សុខ​ផេង នៅនាទីទី​៥៤ ខណៈ​១​គ្រាប់របស់​អង្គរ​ថាយហ្គឺរ រកបាន​ដោយ​ កីឡាករ ចិន ណា​រក្ស នៅនាទីទី​៤៦។

ជាមួយការ​ជ័យជម្នះនេះ បានជួយ​ឱ្យក្រុម​វិសាខា បាន​ឡើងទៅឈរ​នៅកំពូល​តារាង ជា​បណ្តោះអាសន្ន លើ​ក្រុមបឹងកេត ដែល​ឈរ​នៅលេខ​២ ព្រោះការ​ប្រកួត​បើក​ឆាក​នេះ ក្រុម​ការពារ​តំណែងជើងឯក ភ្នំពេញក្រោន បាន​ត្រឹម​ ០-០ ជាមួយ​ក្រុម​កងយោធពល​ខេមរភូមិន្ទ (ទ័ព) តែ​ប៉ុណ្ណោះ ខណៈជំនួប​រវាងក្រុម​ព្រះខ័នរាជស្វាយរៀង និងគិរីវង់សុខសែនជ័យ ត្រូវលើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ​វិញ។

តាម​រយៈការ​ប្រកួត​បើក​ឆាក កាលពី​ថ្ងៃសៅរ៍​នោះ​ដែរ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង សៀង ចន្ធា រួម​ទាំង​ខ្សែ​ប្រយុទ្ធ កែវ សុខផេង និង​អ្នកចាំទី អ៊ុំ វិចិត្រ សុទ្ធតែ​ត្រូវបាន​ជ្រើស​រើស​ជា​កីឡាករ​ល្អ​ប្រចាំ​​កា​រ​ប្រកួត​ដូចគ្នា តាម​រយៈការ​បង្ហាញ​ការ​លេង​យ៉ាង​ល្អ​របស់​ពួកគេ ជាពិសេស អ្នកចាំទី អ៊ុំ វិចិត្រ ព្រោះ​រូបគេ ​​អាច​សង្រ្គោះ​គ្រាប់បាល់​ ដែល​ស៊ុត និងតែត​​ដោយ​កីឡាករ​ក្រុម​ភ្នំពេញក្រោន បាន​ជា​ច្រើន​លើក​ ហើយ អ៊ុំ វិចិត្រ នេះ​ផងដែរ ដែលបានរួមចំណែក​ជួយឱ្យ ភ្នំពេញក្រោន ឈ្នះ​ពាន​លីគកំពូល កាលពី​ឆ្នាំ​២០២១៕