ក្រុមម្ចាស់​ផ្ទះ ព្រះខ័នរាជស្វាយរៀង បានចាប់​ផ្តើមការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន នៃ​ព្រឹត្តិការណ៍​​លីគ​កំពូលកម្ពុជា បាន​យ៉ាង​ល្អបំផុត ដោយ​ពួក​គេ​បាន​យក​ឈ្នះក្រុម​ភ្ញៀវ គិរីវង់​សុខសែន​ជ័យ ៣-១ ហើយ​អ្វីដែល​កាន់តែពិសេស​នោះ គឺ​គ្រាប់បាល់​ទាំង​៣​នេះ សុទ្ធតែ​បាន​កើត​​ឡើង ដោយការ​តែត​បញ្ចូល​ទី​ទាំង​អស់។

តាម​រយៈការ​ប្រកួត នៅកីឡដ្ឋាន​ខេត្តស្វាយរៀង កាលពី​ថ្ងៃអង្គារ ម្សិលមិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ មិន​បានបង្ហាញ​ភាព​ស្ទាក់ស្ទើរ ក្នុងការ​ដាក់សម្ពាធ​ទៅ​លើ​ក្រុមមាន់គោក គិរីវង់ នោះ​ទេ ហើយ​​​ភាព​រីក​រាយ​បាន​កើត​មាន​ឡើង យ៉ាងលឿន​បំផុត នៅ​ពេល​ ខ្សែ​ប្រយុទ្ធ​ជនជាតិកាណាដា Marcus Haber បាន​តែតបាល់​បញ្ចូល​ទី នៅត្រឹមនាទីទី​៣​នោះ ដែលជា​លើក​ទម្លាក់​ឱ្យ​យ៉ាង​ល្អ​​របស់​ខ្សែ​ប្រយុទ្ធ​កាមេរូន Emmauel Mbarga។

បន្ថែម​លើ​ភាព​រីក​រាយ​នេះ ការ​លើលក​បាល់​ទម្លាក់មុខ​ទី​យ៉ាង​ល្អ​របស់កីឡាករ​វ័យ​ក្មេង មិត រតនៈ បាន​ផ្តល់ឱកាស​ឱ្យ​ខ្សែ​ការពារ សារ៉េត គ្រីយ៉ា តែត​បញ្ចូល​ទី​បាន​១​គ្រាប់​ទៀត នៅ​នាទីទី​២១ ហើយ​នៅនាទីទី​២៧ Emmauel Mbarga ដដែល ជា​អ្នក​លើក​បាល់​ទម្លាក់មុខ​ទី ដើម្បី​ឱ្យ Marcus តែត​បញ្ចូល​ទី១​គ្រាប់​ទៀត។

ជាមួយ​គ្នា​នេះ ក្រុមស្វាយរៀង ក៏​បាន​បង្កើតឱកាសមាស មួយចំនួន​ទៀត​ផងដែរ តែ​ពួកគេ ធ្វើ​មិន​បាន​សម្រេច។ យ៉ាង​ណា​មិញ សម្រាប់​ក្រុមគិរីវង់ បាន​រង់ចាំ​រហូត​ដល់​នាទីទី​៧៤ ដើម្បី​សម្រេច​បាន នៅការ​រក​បាន​គ្រាប់បាល់​បើក​ឆាក​របស់ពួក​គេ នៅ​ក្នុង​ការ​ប្រកួត​នេះ តាម​រយៈ​​ការ​ស៊ុត​បញ្ចូល​ទី​របស់​  ខ្សែបម្រើ​ស្លាប​កូនកាត់ហ្វីលីពីន-ម៉ាឡេស៊ី Porteria​ Jose Elmer។

​តាម​រយៈការ​ប្រកួត​បើក​ឆាក​នេះ ត្រូវបាន​គេ​មើល​ឃើញ​ថា អតីត​ខ្សែ​ប្រយុទ្ធ​ជនជាតិ​កាណាដា Marcus Haber ​របស់​ក្លិប​វិសាខា នៅតែ​អាច​រក្សា​បាន​នូវ​​​ភាពមុតស្រួច ក្នុងការ​បញ្ចប់​ទី ដោយការ​ប្រើក្បាល សម្រាប់​ការ​បង្ហាញខ្លួន ជា​លើក​ដំបូង​ឱ្យ​ក្រុមព្រះខ័នរាជស្វាយរៀង ហើយ​ Emmauel Mbarga បាន​ក្លាយ​ជា​កីឡាករដ៏សំខាន់ ក្នុងការ​ចាប់ដៃ​គូ​លេង​ជាមួយ Marcus។

ខ្សែ​ប្រយុទ្ធ​កាមេរូន​ Emmauel Mbarga ពិតជា​បង្ហាញ​ទម្រង់​លេងបាន​យ៉ាង​ល្អ ទាំង​ការ​លេងជា​ក្រុម និងការ​លេងជាលក្ខណៈបុគ្គល ហើយ​រូបគេ ក៏​ត្រូវ​ជ្រើស​រើស​ជា​កីឡាករ​ល្អ ប្រចាំ​ការ​ប្រកួតនេះ​ផងដែរ ស្របពេល​ក្រុមស្វាយរៀង បាន​ឈរ​នៅលេខ​២ ដោយមាន​៣ពិន្ទុ​ស្មើជាមួយ​ក្រុម​លេខ​១ វិសាខា និងក្រុមឈរ​នៅលេខ​៣ បឹងកេត ខណៈ​ភ្នំពេញក្រោន និងក្រុម​ទ័ព មាន​១ពិន្ទុដូចគ្នា៕