បរទេស៖ លោក Pep Guardiola បាន​និយាយ​ថា Manchester City ប្រឈម​មុខ​នឹង​វិបត្តិ​ខ្វះខ្សែ​ការ​ពារ នៅមុន​ពេល​ការ​ប្រកួត​ជើង​ទី​២​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​របស់​ពួកគេ​ជាមួយនឹងក្រុម Sporting Lisbon នៅ​រាត្រីនេះ ខណៈ​ដែលក្រុម​របស់​លោក​ត្រៀម ការ​ពារ​គ្រាប់បាល់​នាំមុខ ៥-​០​។

ខ្សែ​ការ​ពារ Kyle Walker កំពុង​តែ​ជាប់​ពិន័យ​ព្យួរ ខណៈ​ដែល​រូបគេ​ត្រូវ​ជាប់​ពិន័យ​៣ប្រកួត ហើយ Joao Cancelo នៅ​តែ​មាន​ជំ​ងឺ​នៅ​ឡើយ ស្រប​ពេលដែល Nathan Ake និង Ruben Dias នៅ​តែ​ស្ថិតក្នុង​បញ្ជី​របួស​នៅឡើយ​។ ក្នុង​សន្និ​សីទ​សារ​ព័ត៌មានមុន​​ការ​ប្រកួត លោក Guardiola បាន​​និយាយ​កាលពីថ្ងៃអង្គារ​ថា៖ «យើង​នៅ​សល់​កីឡាករ​១៤នាក់​ដែល​អា​ចចូល​លេង​បាន​។ យើង​មាន​បញ្ហា​ដោយ​សារ​តែ​ការ​ជាប់​ពិន័យ​ព្យួរ​របស់ Kyle ហើយ Joao មាន​ជំ​ងឺ និង​មិនអាច​លេង​បាន​​។ យើងមាន​តែ​ខ្សែ​ការ​ពារ​៣នាក់​ប៉ុណ្ណោះ​។ ហេតុនេះ យើង​ត្រូវ​តែ​សម្រប​ខ្លួន​ជាមួយនឹងក្រុម​​ជម្រើស​ទី​២​។ យើងនឹង​រង់ចាំមើលពី​ដំណោះស្រាយ​ដែល​យើងនឹង​ធ្វើ​»​។

លោក Guardiola ដែលក្រុម​របស់​លោក​បានរង​បរា​ជ័យក្រោមស្នា​ដៃក្រុម Chelsea ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីរដូវ​កាល​មុននោះ បាននិយាយ​ថា ការ​ប្រកួតនេះ មិនទាន់​ចប់​នៅឡើយ​ទេ បើ​ទោះ​បី Man City នាំមុខ​ដល់ទៅ​៥​គ្រាប់ក៏ដោយ​៕

 

ប្រភព​ព័ត៌​មាន៖ Worldsoccertalk