អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) នឹងចាប់ដំណើរការប្រកួតដណ្តើមខ្សែក្រវាត់ ប្រភេទទម្ងន់៥៧គីឡូក្រាម ជាលើកដំបូងរបស់ខ្លួន នៅយប់ម៉ោង ៧:៣០ ថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីកម្មវិធី TVK Fighter របស់សង្វៀនប្រដាល់ថ្មីសន្លាងមួយនេះ បានរៀបចំការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាព បានចំនួន៥សប្តាហ៍ កន្លងមកនេះ។
សម្រាប់ការបើកទំព័រសករាជថ្មី នៃការប្រកួតខ្សែក្រវាត់ ក្រោមការចង្អុលបង្ហាញរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេះនេះ សង្វៀនប្រដាល់ទទក បានសម្រិតសម្រាំងរួចហើយ នូវបេក្ខភាពជាកីឡាករជើងខ្លាំងជំនាន់ថ្មី ស្ថិតក្នុងកម្រិតB ចំនួន៨នាក់ ដើម្បីដាក់ឱ្យប្រកួតគ្នា ដណ្តើមយកខ្សែក្រវាត់ និងប្រាក់រង្វាន់លេខ១ ចំនួន៥ពាន់ដុល្លារ លើកនេះ។
លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានថ្លែងប្រាប់ថា៖ «នេះជាការបើកឱ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ ជាលើកដំបូង ដែលមិនធ្លាប់មាន ក្នុងរយៈពេល៣០ឆ្នាំ របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ហើយការព្យាយាមរបស់ពួកយើង មកដល់ដំណាក់កាលនេះ គឺដើម្បីចូលរួមលើកស្ទួយវិស័យកីឡាប្រដាល់ ពិសេសគឺជួយជំរុញ និងអភិវឌ្ឍកីឡាករមានសមត្ថភាពក្នុងកម្រិតB ឱ្យឈានឡើងទៅកម្រិត A»។
ចំពោះបេក្ខភាពទាំង៨នាក់ ដែលបានជ្រើសរើសមកប្រកួតនេះ ត្រូវបែងចែកការប្រកួតជា២ពូល ដោយក្នុងនោះ ពូលA មានកីឡាករ ឃួន ឡាំកូស៊ីន, ជ័យ គឹមហុង, សាន្ត វាសនា និង យ៉ន ពិសី ចំណែកពូល B វិញ មានកីឡាករ ខាំ កូនខ្លាំ , ធន់ អៀងឡេង, សូដា សុភាព និង បាន លឹម ហើយអ្នកទាំង៨នេះ សុទ្ធតែបានអះអាងពីទំនុកខ្ពស់រៀងៗខ្លួន ដើម្បីដណ្តើមយកខ្សែក្រវាត់មួយ យកទៅគ្រប់គ្រង។
យ៉ាងណាមិញ សម្រាប់លក្ខខណ្ឌ និងរូបមន្តប្រកួត ដែលបានកំណត់យកមកប្រើ នៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ ជាលើកដំបូងនេះ ពិតជាមានលក្ខណៈពិសេសខ្លាំង ខុសពីការប្រកួតដណ្តើមខ្សែក្រវាត់ នៅតាមសង្វៀនប្រដាល់ផ្សេងៗទៀត ដោយក្នុងនោះ ទាំងការប្រកួតវគ្គជម្រុះតាមពូល និងការប្រកួតខ្វែង៤នាក់ចុងក្រោយ រវាងបេក្ខភាព ដែលបានឡើងទៅវគ្គបន្ត សុទ្ធតែប្រើរូបមន្តប្រកួតវិលជុំ ដូចការប្រកួតបាល់ទាត់លីគ រួចទើបយកអ្នកបានលេខ១ និងលេខ២ នៅវគ្គខ្វែងនោះ ឡើងទៅប្រកួតផ្តាច់ព្រ័ត្រ។
ជាមួយគ្នានេះ សម្រាប់ការប្រកួតបើកឆាក នៅថ្ងៃនេះ គណៈកម្មការតម្រូវឱ្យប្រកួតទាំង៨នាក់តែម្តង ដោយពួកគេ ត្រូវធ្វើការចាប់ឆ្នោតភ្លាមៗ នៅមុនការប្រកួតតែម្តង ហើយអ្វីដែលគាត់តែប្លែកទៀតនោះ គឺគ្រប់ការប្រកួត តម្រូវឱ្យប្រកួតត្រឹម៣ទឹកទេ ប៉ុន្តែតម្លៃខ្លួនវិញ ត្រូវបានទម្លាយមកថា ទទួលបានស្មើ ឬខ្ពស់ជាងសង្វៀនដទៃៗទៅទៀត ដោយអ្នកឈ្នះបាន៣៥០ដុល្លារ និងអ្នកចាញ់បាន៣០០ដុល្លារ ហើយគូប្រកួតជក់ចិត្ត ក៏នឹងទទួលបានប្រាក់រង្វាន់បន្ថែម ផងដែរ។
ទាក់ទងនឹងរឿងនេះ លោក ឃឹម វុទ្ធី បានបញ្ជាក់ថា៖ «ចំពោះការកំណត់ឱ្យប្រកួតត្រឹម៣ទឹក និងការផ្តល់តម្លៃខ្លួនខ្ពស់ទៅដល់កីឡាករនេះ ដោយសារយើងចង់ជួយលើកស្ទួយដល់ជីវភាពរបស់ពួកគាត់ ដែលស្របទៅនឹងគោលការណ៍របស់យើង គឺជួយលើកស្ទួយខ្មែរ។ ជាងនេះទៅទៀត យើងចង់ឱ្យពួកគាត់ ប្រកួតគ្នាអស់ពីសមត្ថភាព ដោយខ្ញុំបានប្រាប់ទៅមុខគាត់រួចហើយថា ត្រូវខិតខំប្រឹងប្រែងប្រកួត និងត្រូវបញ្ចេញឱ្យអស់នូវក្បាច់ ឬស្នៀត កុំលាក់ឱ្យសោះ ដើម្បីធ្វើឱ្យការប្រកួតនេះ មានភាពទាក់ទាញ និងជក់ចិត្តខ្លាំង ទៅតាមការចង់បានរបស់ម្ចាស់ឧបត្ថម្ភ និងអ្នកគាំទ្រ ពិសេស ដើម្បីយើងអាចសម្រិតសម្រាំងបានបេក្ខភាពជាម្ចាស់ជើងឯក ដែលមានសមត្ថភាពដ៏ពិតប្រាកដ»៕