អ្នកលេងកណ្តាប់ដៃធ្ងន់ ធន់ រិទ្ធី (ថៃ រិទ្ធី) ត្រូវបានដាក់ឱ្យប្រកួតអំបោះឆៅ ជាមួយអ្នកប្រយុទ្ធរបស់ថៃ សនខាវ ស៊ិតកាំណាន់លឺ ក្នុងព្រឹត្តិការណ៍ប្រកួត TVK Fighter របស់សង្វៀនប្រដាល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ដែលនឹងចាប់ផ្តើម នៅរសៀលម៉ោង៤ ថ្ងៃព្រហស្បតិ៍នេះ។
សម្រាប់ការបោះជំហានចូលរួម ក្នុងកម្មវិធី TVK Fighter ជាលើកដំបូងនេះ ធន់ រិទ្ធី មានភារកិច្ចសំខាន់ ដែលត្រូវធ្វើ គឺរូបគេ ត្រូវយកឈ្នះលើអ្នកប្រដាល់ សនខាវ ស៊ិតកាំណាន់លឺ ម្នាក់នេះឱ្យបាន ដើម្បីសងសឹកជំនួសគ្រូជំនួយរបស់គេ ម៉ឺន សុភា ដែលធ្លាប់បានចាញ់ថៃម្នាក់នេះ ហើយកីឡាករដ៏មានប្រជាប្រិយរបស់កម្ពុជា គឺ កែវ រំចង់ ដែលបានឃ្លាតឆ្ងាយពីសង្វៀនប្រដាល់ ជាច្រើនឆ្នាំមកហើយនោះ ក៏ធ្លាប់ចាញ់ សនខាវ ផងដែរ។
ជាមួយគ្នានេះ ការប្រឈមមុខដាក់គ្នារវាងអ្នកប្រយុទ្ធគុនចម្រុះ ធន់ រិទ្ធី និង សនខាវ នៅថ្ងៃនេះ វាកាន់តែមានន័យ ព្រោះនេះជាលើកដំបូង ដែល TVK Fighter បានផ្លាស់ប្តូរទម្រង់ប្រកួតថ្មី ដោយបានរៀបចំឱ្យមានការប្រកួតអន្តរជាតិ ជាលើកដំបូង ហើយសម្រាប់ការប្រកួត៤គូទៀតរវាងកីឡាករក្នុងស្រុក ក៏ត្រូវបានដាក់ឱ្យប្រកួតអំបោះឆៅ សុទ្ធសាធផងដែរ។
សម្រាប់ការផ្លាស់ប្តូរទម្រង់ប្រកួតថ្មី នៅក្នុងវិធី TVK Fighter នេះ ត្រូវបានអ្នករៀបចំការប្រកួតនេះ បានអះអាងថា ដើម្បីទាក់ទាញទស្សនិកជន ឱ្យមកគាំទ្រ ការប្រកួតរបស់សង្វៀនប្រដាល់ទទក បានកាន់ច្រើន ខណៈការរៀបចំឱ្យមានការប្រកួតតែខ្មែរ និងខ្មែរ មិនសូវទទួលបានការគាំទ្រ ពីមហាជននោះ។
លោក ម៉ុល នី ប្រធានផ្គូផ្គងប្រដាល់របស់សង្វៀនទទក នៃកម្មវិធី TVK Fighter បានប្រាប់ថា៖ «តាមពិតយើងចង់រក្សាឱ្យមានការប្រកួតរវាងគូជាតិ និងគូជាតិ ដើម្បីផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងរបស់យើង បានប្រកួតប្រកួតគ្នាញឹកញាប់ ក្នុងការអភិវឌ្ឍសមត្ថភាព និងទទួលបានប្រាក់ចំណូល យកទៅផ្គត់ផ្គង់ជីវភាព ប៉ុន្តែការរៀបចំទម្រង់បែបនេះ គឺមិនសូវទទួលបានការគាំទ្រពីទស្សនិកជនប៉ុន្មានឡើយ»។
លោកបានបន្ថែមថា៖ «ជាមួយហេតុផលនេះ យើងត្រូវផ្លាស់ប្តូរទៅតាមកាលៈទេស ដោយបន្ថែមឱ្យមានការប្រកួតអន្តរជាតិ ចំនួន១គូ ចំណែក៤គូផ្សេងទៀត ជាការប្រកួតរវាងកីឡាករក្នុងស្រុកដដែល តែយើងដាក់ឱ្យប្រកួតអំបោះឆៅទាំងអស់ ហើយការដាក់ឱ្យមានការប្រកួតអន្តរជាតិនេះ វាជាភាពទាក់ទាញមួយ គ្រាន់តែកម្មវិធីយើង ត្រូវចំណាយច្រើនជាងមុន»។
តែទោះបីជាយ៉ាងណា ប្រធានផ្គូផ្គងប្រដាល់របស់សង្វៀនទទក រូបនេះ បានបញ្ជាក់ថា៖ «យើងនឹងព្យាយាមធ្វើឱ្យមានរស់ជាតិថ្មី សម្រាប់អ្នកគាំទ្រ អ៊ីចឹងចាប់ពីសប្តាហ៍នេះទៅ យើងនឹងដាក់ឱ្យមានការប្រកួតអំបោះឆៅ សុទ្ធតែម្តង និងមានការប្រកួតជាមួយកីឡាករថៃ ១គូជាប្រចាំ ហើយថ្ងៃទៅមុខ បើសិនជាមានការគាំទ្រ និងមានម្ចាស់ឧបត្ថម្ភ យើងនឹងពិចារណ ក្នុងការបន្ថែមគូអន្តរជាតិ ដើម្បីធ្វើឱ្យការប្រកួតកាន់តែទាក់ទាញថែមទៀត»៕