កីឡាករ ជ័យគឹមហុង និង ធន់ អៀងឡេង សុទ្ធតែបានបង្ហាញពីការជឿជាក់ថា ពួកគេ នឹងអាចយកឈ្នះលើគូប្រកួត ដើម្បីស្តាឱកាស បានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ ទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀនប្រដាល់ទទក នៃកម្មវិធី TVK Fighter ប៉ុន្តែ ភួន ឡាំងកូស៊ីន គ្មានបំណងផ្តួល សាន្ត វាសនា ឱ្យសន្លប់ នៅទេ សម្រាប់ការប្រកត នារសៀលម៉ោង៤ ថ្ងៃព្រសហ្បតិ៍នេះ។
សម្រាប់ការប្រកួតជម្រុះលើកទី៣ចុងក្រោយប្រចាំពូលA និងពូល B នៅថ្ងៃនេះ ទាំង ជ័យ គឹមហុង និង ធន់ អៀងឡេង សុទ្ធតែត្រូវការឈ្នះដាច់ខាត ដើម្បីទទួលបានឱកាសឡើងទៅវគ្គបន្ត ប៉ុន្តែការវិលមកជួបគ្នា យ៉ន ពិសី នៅថ្ងៃនេះ ត្រូវបានគេមើលឃើញថា ជ័យ គឹមហុង អាចមានការពិបាកខ្លាំង ព្រោះ ពិសី ក៏ត្រូវការឈ្នះ ដើម្បីបានឡើងទៅវគ្គបន្តដូចគ្នា ព្រោះអ្នកទាំង បានឈ្នះ សាន្ត វាសនា និងចាញ់ ភួន ឡាំងកូស៊ីន ហើយមាន៤ពិន្ទុ នៅក្នុងដៃដូចគ្នា។
យ៉ាងណាក៏ដោយ ជ័យ គឹមហុង ហាក់មានទំនុកចិត្តខ្ពស់ ក្នុងការទម្លាក់ យ៉ន ពិសី ដើម្បីឡើងទៅវគ្គបន្តប្រចាំពូលAនេះ។ គឹមហុង បាននិយាយថា៖ «បើទោះបីជាខ្ញុំ បានចាញ់ ភួន ឡាំងកូស៊ីន តែខ្ញុំនៅតែមានសង្ឃឹម បានឡើងទៅវគ្គបន្ត។ យ៉ន ពិសី ល្អចាប់ជង្គង់ដែរ តែគាត់រាងជ្រាយជាង ឡាំងកូស៊ីន បន្តិច ហេតុនេះខ្ញុំសង្ឃឹមថា អាចយកឈ្នះគាត់បាន»។
ផ្ទុយពីនេះ អ្នកប្រដាល់មកពីជាយដែន ភួន ឡាំងកូស៊ីន ដែលបានឈ្នះ យ៉ន ពិសី និង ជ័យ គឹមហុង ហើយកំពុងឈរនៅលេខ១ប្រចាំពូល A បានឡើងទៅវគ្គបន្ត ដោយស្វ័យប្រវត្តិទៅហើយ ហើយសម្រាប់ការប្រកួតលើកចុងក្រោយលើកនេះ ឡាំងកូស៊ីន គ្មានចេតនាណាមួយ ក្នុងការផ្តួល សាន្ត វាសនា ឱ្យសន្លប់នោះទេ។
បើទោះបីជា សាន្ត វាសនា បានចាញ់ទាំង២ប្រកួតជាប់ៗគ្នា និងបានធ្លាក់ដោយស្វ័យប្រវត្តិ ប៉ុន្តែ ភួន ឡាំងកូស៊ីន បាននិយាយថា៖«ខ្ញុំបានដឹងក្បាច់ប្រកួតរបស់ សាន្ត វាសនា អស់ហើយ ប៉ុន្តែខ្ញុំអត់ចង់ផ្តួលគាត់ឱ្យសន្លប់នោះទេ ហេតុនេះខ្ញុំនឹងអាចវ៉ៃតាមធម្មតាៗ ដើម្បីសន្សំយកពិន្ទុ»។
យ៉ាងណាមិញ ធន់ អៀងឡេង និង បាន លីម ដែលកំពុងមាន៤ពិន្ទុ ជាមួយការឈ្នះ១ និងចាញ់១ប្រកួតដូចគ្នានោះ នឹងត្រូវប្រជែងគ្នា ដោយប្រយោល ដើម្បីប្រជែងយកឱកាស ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រចាំពូលB ខណៈជំនួបលើកចុងក្រោយនេះ បាន លីម ត្រូវប្រឈមជាមួយ ខាំ កូនខ្លា ហើយ ធន់ អៀងឡេង ត្រូវជួប សូដា សុភាព។
សម្រាប់ការប្រកួតនេះ ធន់ អៀងឡេង មានការជឿជាក់ថា រូបគេ នឹងអាចយកឈ្នះ សូដា សុភាព ដើម្បីបានឡើងទៅវគ្គបន្ត ហើយក្តីរំពឹងរបស់គេ អាចនឹងសម្រេច ព្រោះកីឡាករកំពុងឡើងជើង ខាំ កូនខ្លា ដែលបានឈ្នះទាំង សូដា សុភាព និង ធន់ អៀងឡេង នោះ នឹងមិនអាចបន្ធូរដៃឱ្យ បាន លីម នោះទេ បើទោះបីជា រូបគេ កំពុងឈរនៅលេខ១ ប្រចាំពូលBនេះក៏ដោយ ព្រោះ កូនខ្លា ក៏អាចធ្លាក់បានដែរ បើសិនរូបគេ ភ្លាត់ចាញ់ បាន លីម ដោយសន្លប់ ស្របពេល ធន់ អៀងឡេង ផ្តួល សូដា សុភាព ឱ្យសន្លប់ដែរនោះ៕