ការប្រកួតជុំទី ដណ្តើមខ្សែក្រវាត់ ប្រភេទទម្ងន់៥៧គីឡូក្រាម នៅលើសង្វៀនប្រដាល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) នៃកម្មវិធី TVK Fighter នាព្រលប់ថ្ងៃព្រហស្បតិ៍នេះ អាចនឹងមានភាពកក្រើកខ្លាំង ព្រោះវាជំនួបរវាងអ្នកឈ្នះថ្ងៃបើកឆាក ហើយពួកគេ ក៏ចង់ឱ្យការប្រកួតនេះ បញ្ចប់ដោយ មានអ្នកសន្លប់ផងដែរ។
កីឡាករជើងខ្លាំងវ័យក្មេង ជ័យ គឹមហុង និង ភួន ឡាំងកូស៊ីន ដែលសុទ្ធតែទទួលបាន៣ពិន្ទុ សម្រាប់ការប្រកួតបើកឆាក នោះ បានអះអាងពីការផ្តួលគ្នាឱ្យសន្លប់ ហើយ ធន់ អៀនឡេង និង ខាំ កូនខ្លា ក៏ត្រូវជម្រះបញ្ជីចាស់ ដើម្បីដណ្តើមគ្នាយក៣ពិន្ទុបន្ថែមដូចគ្នា ខណៈអ្នកទាំង២នេះ សុទ្ធតែទទួលបាន៣ពិន្ទុ នៅក្នុងការប្រកួតបើកឆាកដូចគ្នា។
លោកស្រី ម៉េង សុខា អ្នកគ្រប់គ្រងកីឡាករ ជ័យ គឹមហុង បាននិយាយថា៖ «សម្រាប់អ្នកទាំង២នេះ ខាងគេវ៉ៃចេញលឿនជាង តែស្រាល ខុសពីយើង ចេញមួយៗ តែធ្ងន់ អ៊ីចឹងហើយបើចៅក្រម ដាក់ពិន្ទុមិនមានភាពច្បាស់លាស់ យើងអាចនឹងចាញ់ពិន្ទុគេបាន ហេតុនេះខ្ញុំនឹងជំរុញឱ្យ ជ័យ គឹមហុង ធ្វើម៉េចវ៉ៃឱ្យដាច់ ហើយបើមានឱកាស គឺវ៉ៃឱ្យសន្លប់តែម្តង ដើម្បីកុំឱ្យពិបាកនឹងកាត់សេចក្តី ហើយខ្ញុំជឿថា គឹមហុង នឹងខំប្រឹងប្រែង ធ្វើរឿងនេះ ព្រោះវាចង់បានខ្សែក្រវាត់នេះ មកគ្រប់គ្រង»។
តាមរយៈការប្រកួតបើកឆាក កាលពីថ្ងៃទី១០ ខែមីនា កន្លងមកនេះ ជ័យ គឹមហុង ធ្វើបានល្អជាងគេ ដោយបានផ្តួល សាន្ត វាសនា ឱ្យបោះបង់ការប្រកួត នៅត្រឹមទឹកទី១ ដើម្បីឈរនៅលេខ១ប្រចាំពូលA ជាបណ្តោះអាសន្ន ហើយ ភួន ឡាំងកូស៊ីន បានឈ្នះពិន្ទុកីឡាករ យ៉ន ពិសី ដើម្បីឈរនៅលេខ២ ដោយមាន៣ពិន្ទុស្មើគ្នា។
ចំពោះអ្នកទាំង២នេះ ត្រូវបានគេមើលឃើញថា ការវាយចេញរបស់ ជ័យ គឹមហុង មានទម្ងន់ជាង ប៉ុន្តែ ភួន ឡាំងកូស៊ីន ចេញបានលឿនជាង ទោះការវាយចេញរបស់គេ មានទម្ងន់ស្រាលជាងក៏ដោយ។ ជាមួយគ្នានេះ លោក សាន សៅយ៉ាន់ គ្រូបង្វឹក ភួន ឡាំងកូស៊ីន ក៏បានទទួលស្គាល់ថា ជ័យ គឹមហុង វាយចេញបានធ្ងន់ជាងសិស្សរបស់លោកផងដែរ។
តែទោះបីជាយ៉ាងណា លោក សាន សៅយ៉ាន់ បានបញ្ជាក់ថា៖«ការទាត់ ម៉ាត់ របស់គេ រាងធ្ងន់ជាងយើង ប៉ុន្តែវាមិនជាបញ្ហានោះទេ ព្រោះយើងបានត្រៀមខ្លួនរួចរាល់អស់ហើយ។ យើង នឹងវ៉ៃទៅតាមស្ថានភាពជាក់ស្តែង ប៉ុន្តែបើមានឱកាស យើងនឹងវ៉ៃផ្តាច់ឱ្យសន្លប់ដូចគ្នា»។
យ៉ាងណាមិញ សម្រាប់ការជួបគ្នារវាង ធន់ អៀនឡេង និង ខាំ កូនខ្លា វាមិនត្រឹមតែជាការប្រកួតគ្នាដណ្តើមយកលេខ១ប្រចាំពូលB ដើម្បីមានភាគរយខ្ពស់ បានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាជំនួប ដើម្បីជម្រះភាពមន្ទិល សម្រាប់ការជួបគ្នា កន្លងមកផងដែរ ខណៈការប្រកួតបើកឆាក កន្លងមកនេះ ធន់ អៀនឡេង បានឈ្នះពិន្ទុ បាន លឹម ហើយ ខាំ កូនខ្លា បានឈ្នះ សូដា សុភាព។
តាមប្រវត្តិ ធន់ អៀនឡេង ធ្លាប់បានឈ្នះពិន្ទុ ៤-១ លើ ខាំ កូនខ្លា នៅក្នុងការប្រកួតដណ្តើមប្រាក់លាន នៅសង្វៀនថោន ប៉ុន្តែអ្នកគាំទ្រ បានរិះគន់ទៅលើចៅក្រមថា បានកត់សេចក្តីមិនយុត្តិធម៌ ដោយមានភាពលម្អៀងទៅលើភាគី ធន់ អៀនឡេង។
តែទោះបីជាយ៉ាងណា សម្រាប់ការជួបគ្នាលើកនេះ ធន់ អៀនឡេង បានអះអាងថា រូបគេនឹងមិនធ្វើឱ្យមានប្រវត្តិជ្រាំដែល កើតមានទៀតនៅទេ។ ចំណែក ខាំ ខ្លានាង បាននិយាយថា៖«ខ្ញុំខំប្រឹងហ្វឹកហាត់ខ្លាំង ដើម្បីយកឈ្នះ»។ ដោយឡែក បេក្ខភាព៤នាក់ទៀត ដែលបានចាញ់ នៅថ្ងៃបើកឆាកនោះ ក៏ត្រូវប្រកួតគ្នា នៅថ្ងៃព្រហស្បតិ៍នេះដែរ ដោយក្នុងនោះ យ៉ន ពិសី ត្រូវជួប សាន្ត វាសនា ហើយ បាន លឹម ត្រូវប្រកួតជាមួយ សូដា សុភាព៕