គ្រូ​បង្វឹក​ថ្មី​របស់​ក្រុមណាហ្គាវើលដ៍ ឃីម បូរី មានការ​ជឿជាក់ថា កូនក្រុម​របស់ខ្លួន នឹង​អាច​ដណ្តើម​បានពិន្ទុ​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅពេល​ពួកគេ ត្រូវ​ប្រកួត​លើក​ទី​២ នៃ​លីគកំពូលកម្ពុជា ឆ្នាំ​២០២២​នេះ នៅ​ថ្ងៃសៅរ៍​នេះ។

ឃីម បូរី ដែល​ទើបបាន​បញ្ចប់អាជីព​ជា​កីឡាករ ដើម្បី​ឡើងមក​ដឹកនាំ​ក្រុម​ណាហ្គាវើលដ៍ ក្នុង​​រដូវ​​កាល​នេះ បាន​ដឹង​រួច​ទៅ​ហើយ​ថា វិសាខា គឺ​ជា​ក្រុមខ្លាំង ដែលសម្បូរ​ទៅ​ដោយធនធាន​កីឡាករល្អៗ ហើយ​ក្រុមនេះ ក៏​ស្ថិត​នៅ​ក្រោមការ​ដឹកនាំ​របស់​លោក Lee Tae Hoon និង​លោក មាស ចាន់ណា ដែល​ជា​អតីត​គ្រូបង្វឹក​របស់​គេ ពេលលេងរួមគ្នាជា​ច្រើនឆ្នាំ នៅ​ណាហ្គាវើលដ៍ ផង​ដែរ។

អតីត​កីឡាករ​ជម្រើសជាតិកម្ពុជា ឃីម បូរី បាន​និយាយ​ថា៖ «​សម្រាប់ការ​ប្រកួត កាលពី​សប្តាហ៍មុន យើង​មានបញ្ហាលើ​ផ្នែក​កីឡាករ ទាំង​ទៅលើអ្នក​​ជំងឺកូវីដ​១៩ និងបញ្ហា​កីឡាករ​មាន​របួស ប៉ុន្តែ​នៅសប្តាហ៍​នេះ កីឡាករ​ទាំង​នោះ បាន​វិលត្រឡប់មក​ចូល​រួមជាមួយក្រុមបាន​​វិញ​អស់​ហើយ នៅឡើយ​តែ​កីឡាករ​​ម្នាក់ ដែល​​មិនទាន់​ មាន​ភាព​រឹងមាំ ពេញ​លេញ​វិញ»។

គ្រូ​បង្វឹក​ថ្មីថ្មោង​របស់​ក្រុម​ណាហ្គាវើលដ័ ឃីម បូរី បាន​បន្ថែម​ថា៖​ «យើង​ដឹង​ហើយ​ថា វិសាខា ជា​ក្រុមដែល​មាន​កីឡាករ​ល្អៗ​ច្រើន ប៉ុន្តែ​ខ្ញុំ​នៅតែ​មានការ​ជឿជាក់ទៅលើ​កីឡាករ​របស់​ខ្ញុំថា ពួកគាត់ នឹង​អាច​ធ្វើ​បាន សម្រាប់ការ​ប្រកួត​លើកនេះ គឺ​យ៉ាង​ហោចណាស់ ក៏​យើង​​បាន​១ពិន្ទុ នៅលើ​ទឹក​ដី វិសាខា ផងដែរ»។

គួរ​រំឭក​ថា សម្រាប់ការ​ប្រកួត​បើក​ឆាក កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍មុន ក្រុម​វិសាខា បាន​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះអង្គរថាយហ្គឺរ ៣-១ នៅលើទឹក​ដី​ខេត្ត​សៀមរាប ប៉ុន្តែ​ណាហ្គាវើលដ៍ បានចាញ់​ក្រុមម្ចាស់ផ្ទះ ៣-១ ចំណែកការ​ជួបគ្នា​រវាង​ក្រុមទាំង​២ នៅកីឡដ្ឋាន​ព្រីនស៍ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​សៅរ៍នេះ ត្រូវបាន​គេ​មើលឃើញ​ថា វិសាខា អាចមាន​ភាព​ច្រើនជាង ក្នុង​ការ​ដណ្តើម​បាន​៣ពិន្ទុ៕