បរទេស៖ ខ្សែ​ប្រយុទ្ធ Luis Suarez និង​ Cesc Fabregas បាន​ការ​ពារតារាឆ្នើម Lionel Messi និង Neymar ​ដែល​ជា​មិត្ត​ភក្តិ និងជា​អតីត​មិត្ត​រួម​ក្រុម​​របស់​ខ្លួន​នៅក្លិប Barcelona ក្រោយពី​​កីឡាករ​ទាំង​២ បាន​រង​នូវ​ការ​ស្រែក​ចំអក​ឲ្យពី​អ្នក​គាំទ្រ​របស់  Paris Saint-Germain កាលពីថ្ងៃ​អាទិត្យ​។

ទាំង Messi និង Neymar បាន​រងនូវ​ការ​ស្រែកចំអក​ឲ្យ អំឡុង​ពេលក្រុម PSG បានយកឈ្នះ​​លើក្រុម Bordeaux ក្នុងលទ្ធផល ៣-០ នា​កីឡដ្ឋាន Parc des Princes ខណៈ​ដែល​ក្រុម​អ្នក​គាំទ្រ​បាន​បង្ហាញពី​ការ​ខកចិត្ត​របស់ខ្លួន ក្រោយពី​​ក្រុម​របស់​ពួកគេ​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Champions League ក្រោមស្នា​ដៃក្រុម Real Madrid កាលពីសប្តាហ៍​មុន​។ Suarez ដែល​ធ្លាប់​រស់​នៅ​ក្បែរ​ផ្ទះ Messi និង​ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធ​ដ៏មុតស្រួច​រួម​ជាមួយ​នឹង Messi និង Neymar នៅ Barca បាន​បង្ហោះ​រូប​ភាព​មួយ​របស់​គេ​ដែល​ថត​ជាមួយ​នឹង​កីឡាករ​ទាំង​២នាក់ នៅលើ Instagram​។ រូប​គេ​បាន​សរសេរ​ថា៖ «តែង​តែ​ស្ថិតក្នុងការ​ចង​ចាំ​ក្នុងកីឡា​បាល់ទាត់​ជានិច្ច​។ តែង​តែ​ជា​ស្ថិតនៅ​ជាមួយនឹង​អ្នក @LeoMessi @Neymarjr​។ ស្រឡាញ់​អ្នក​​ទាំង២​ខ្លាំង​ណាស់​»​។

ដោយឡែក Fabregas ក៏ធ្លាប់បាន​លេង​ជាមួយនឹង Messi និង Neymar ផង​ដែរ ហើយ​រូប​គេ​បាន​សរសេរ​នៅលើ Twitter ថា៖ «បាល់ទាត់ គ្មាន​ការ​ចង​ចាំ​អ្វី​ទាំង​អស់ ដែល​នេះ​គឺ​ជា​រឿង​ដ៏គួរ​ឲ្យ​ខ្មាស់អៀន​។ តែង​តែ​ស្ថិត​នៅ​ជាមួយនឹង​អ្នកទាំង​២ជានិច្ច​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia