បរទេស៖ ក្រុមអ្នករកស៊ី ដែលចាប់អារម្មណ៍លើការទិញក្លិប Chelsea ពីក្លិប Roman Abramovich កំពុងតែញាប់ដៃញាប់ជើង ដើម្បីធានាថា សំណើទិញយកមកកាន់កាប់របស់ពួកគេ ត្រូវបានរៀបចំរួចរាល់ នៅមុនពេលថ្ងៃកំណត់នៅសប្តាហ៍នេះ ដើម្បីធ្វើការដេញថ្លៃ។
ក្រុមហ៊ុន Raine Group ដែលជាធនាគារអាមេរិក និងជាទទួលខុសត្រូវលើការលក់ក្លិប Chelsea បានផ្តល់ពេលកំណត់ដល់ក្រុមអ្នកដេញថ្លៃជាសក្តានុពលរហូតដល់ថ្ងៃសុក្រ ដើម្បីដាក់សំណើរបស់ពួកគេ និងចង់ឲ្យការលក់នេះ មានដំណើរការយ៉ាងរលូន ព្រោះថា ការពន្យាពេលបន្ថែមទៀត អាចនឹងធ្វើឲ្យក្លិបតោខៀវ ធ្លាក់ចូលក្នុងវិបត្តិហិរញ្ញវត្ថុ។ Chelsea ដែលកំពុងតែស្ថិតក្នុងស្ថានភាពជ្រួលច្របល់ ក្រោយពីលោក Abramovich បានរងនូវការដាក់ទណ្ឌកម្មជាច្រើនពីរដ្ឋាភិបាលចក្រភពអង់គ្លេស មានការព្រួយបារម្ភថា ពួកគេអាចនឹងធ្លាក់ចូលក្នុងការពិន័យរដ្ឋបាល ប្រសិនបើគ្មានការផ្លាស់ប្តូរម្ចាស់ក្លិបឲ្យបានឆាប់ទេនោះ។
ក្រុមហ៊ុន Raine នៅតែសង្ឃឹមថា កិច្ចព្រមព្រៀងគ្នាមួយ អាចនឹងឈានដល់នៅចុងខែនេះ ហើយក្នុងដំណាក់កាលដ៏សំខាន់នេះ ក្រុមអ្នកដេញថ្លៃ ត្រូវបានផ្តល់ឱកាសឲ្យពិនិត្យមើលគណនីចុងក្រោយបំផុតរបស់ក្លិប និងបញ្ជីប្រាក់ខែបុគ្គលិក។ ស្របពេលជាមួយគ្នានេះ Chelsea បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ តាមរយៈការបញ្ជាក់ថា ពួកគេកំពុងតែជំរុញឲ្យរដ្ឋមន្ត្រី ផ្តល់សិទ្ធិឲ្យពួកគេលក់សំបុត្រ និងរៀបចំកិច្ចប្រជុំប្រចាំថ្ងៃ ដើម្បីធ្វើវិសោធនកម្មអាជ្ញាបណ្ណពិសេសដែលចេញឲ្យពួកគេ៕
ប្រភពព័ត៌មាន៖ The Guardian