ក្រុមហ៊ុនលីគ​បាល់​ទាត់កម្ពុជា ​នៃ​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា និងក្រុម​គ្រូបង្វឹក​ជម្រើសជាតិ បានសម្រេចជារួម​​ថា  នឹង​មិន​មាន​ការ​ប្រមូល​ផ្ដុំ ក្រុមជម្រើសជាតិ​កម្ពុជា ក្នុង​អំឡុង​ពេល​នៃ​ប្រតិទិន​ប្រកួត​អន្តរជាតិ FIFA (FIFA International Calendar) ក្នុង​ខែ​មីនា​នេះ​ទេ ព្រោះ​ចង់ទុក​ពេល​ឱ្យ​កីឡាករជម្រើសជាតិ បានជួយ​ដល់​ក្លិប​របស់ពួក​គេ នៅក្នុងការ​ប្រកួត​លីគ​កំពូល​កម្ពុជា។

«ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​មិន​មាន​ការ​ប្រមូល​ផ្ដុំ អំឡុង​ពេល​នៃ​ប្រតិទិន​ប្រកួត​អន្តរជាតិ FIFA ក្នុង​ខែ​មីនា​នេះ​ទេ (FIFA International Calendar) ក្រោយ​ការ​ពិភាក្សា​រវាង ក្រុម​ការងារ​គ្រូ​នៃ​ក្រុម​ជម្រើសជាតិ ជាមួយ​ក្រុម​ហ៊ុន​លីគ ក៏​បាន​សម្រេច​ទុក​ពេល​វេលា​នេះ ឱ្យ​ក្លិប​បន្ត​ការ​ហ្វឹក​ហាត់ ក៏​ដូច​ជា​ការ​ប្រកួត​របស់​ខ្លួន ក្នុង​ពាន​រង្វាន់​ជម្រើស​ជើងឯក​ខេមបូឌាន​ព្រីមៀរ​លីគ»។

នេះជា​ការ​ប្រកាស​ឱ្យ​ដឹង​របស់សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា កាលពី​ព្រឹក​ថ្ងៃពុធ​នេះ ហើយ​​ជាមួយ​គ្នា​នេះ សហព័ន្ធ ក៏បានបង្ហើប​ពីពេល​វេលា ដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រូវ​ធ្វើការ​ប្រមូលផ្តុំ សម្រាប់ត្រៀមការ​ប្រកួត​ពាន​រង្វាន់ AFC Asian Cup នៅប្រទេស​ឥណ្ឌា ផងដែរ ដោយ​កម្ពុជា ឈរ​នៅពូល​D ជាមួយ​​ក្រុម​ម្ចាស់​​ផ្ទះ​ឥណ្ឌា ហុងកុង និងក្រុម​ជម្រើសជាតិ​អាហ្គានីស្ថាន។

តាមការ​ប្រកួត​របស់សហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជាដដែលនេះ បានបញ្ជាក់​ថា៖​«ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ផ្ដោត​ទៅ​លើ​ការ​ប្រមូល​ផ្ដុំ នាចុង​ខែ ឧសភា និង​ដើម​ខែ មិថុនា ដើម្បី​ត្រៀម​ខ្លួន​ការ​ប្រកួត​វគ្គ​ជម្រុះ​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​ទ្វីប​អាស៊ី AFC Asian Cup នៅ​ប្រទេស​ឥណ្ឌា»៕