បរទេស៖ នៅមុន​ពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅ​រាត្រីនេះ លោក Jocelyn Gourvennec គ្រូបង្វឹក​នៃក្រុម Lille បាននិយាយ​កាលពីថ្ងៃ​អង្គារ​ថា ការ​ដាក់​បម្រាមនានា​លើក្លិប Chelsea និង​ទណ្ឌ​កម្ម​នានា​លើ​ម្ចាស់ក្លិប​របស់ពួកគេ ហាក់មិន​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​ទម្រង់លេង​របស់ក្រុមនេះ នៅលើ​ទីលាន​ប្រកួតឡើយ ខណៈ​ដែល​ពួក​គេ​​ឈ្នះការ​ប្រកួត​ជាធម្ម​តា​។

Chelsea កំពុង​តែ​ប្រើប្រាស់​អាជ្ញា​បណ្ណពិសេស​ ពី​រដ្ឋា​ភិបាល​ចក្រភពអង់គ្លេស ដែល​បាន​កំណត់​ការ​ចំណាយ​របស់​ពួកគេ និង​បាន​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​ប្រតិបត្តិ​ការនានា បន្ទាប់ពី​ការ​ដាក់ទណ្ឌ​កម្ម​លើ​ម្ចាស់​ក្លិប​ជា​មហា​សេដ្ឋី​រុស្ស៊ី​របស់​ពួកគេ​គឺ​លោក Roman Abramovich​។ Lille នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​ទទួលក្រុម Chelsea ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ ជើង​ទី​២ នៅ​រាត្រីនេះ ស្រប​ពេលដែល​ក្រុម​របស់​បារាំងមួយនេះ សម្លឹង​រកការស្រោច​ស្រង់ពីការ​ចាញ់ក្នុងលទ្ធផល ២-០ ពី​ការ​ប្រកួត​ជើង​ទី​១ នាកីឡដ្ឋាន Stamford Bridge កាលពី​ខែមុន​។

លោក Gourvennec បានប្រាប់​សន្និ​សីទ​សារ​ព័ត៌មានថា៖ «ចាប់តាំង​ពី​ មាន​បញ្ហា​ទាំង​នេះ ប្រហែល​ជា​៣​សប្តាហ៍​មុន ពួកគេ​បន្ត​ឈ្នះ​ការ​ប្រកួត​របស់​ពួកគេ​។ នៅអង់គ្លេស ពួក​គេ​នៅ​តែ​ខ្លាំង​។ សូម្បី​តែ​ប្រកួតនៅថ្ងៃ​អាទិត្យ​ជាមួយនឹងក្រុម Newcastle ពួកគេ​បាន​ស៊ុត​បាល់បញ្ចូល​ទីនៅ​នាទី ទី​៩០ ឬ​៩១ ដើម្បីឈ្នះការ​ប្រកួត​។ ហេតុនេះ វាហាក់​បង្ហាញ​ថា ពួកគេ​មិនមានផល​ប៉ះពាល់ពី​បញ្ហានោះឡើយ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia