បរទេស៖ លោក Thomas Tuchel គ្រូបង្វឹក​ក្រុម Chelsea បាន​កោតសរសើរ​កីឡាករ​របស់​លោក​ចំពោះ​ការ​នៅ​តែ​រក្សា​ការផ្តោត​អារម្មណ៍​ ក្នុងពេល​ដែល​មានភាព​មិន​ច្បាស់​ជុំ​វិញ​អនា​គត​របស់​ក្លិប ក្រោយពី​ពួកគេ ​កាលពីថ្ងៃពុធ បាន​ឈាន​ទៅ​​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ខណៈ​ដែល​លោក​គិត​ថា គ្មាន​ក្រុម​ណា​ចង់​ជួប​ក្រុម​របស់​លោក​ក្នុង​វគ្គ​១/៤ផ្តាច់ព្រ័ត្រ​នេះឡើយ​។

ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​មួយនេះ បាន​វាយ​បក​តាមពីក្រោយ ដើម្បីផ្តួលក្រុម Lille ក្នុងលទ្ធផល ២-១ នៅ​ភាគ​ខាង​ជើង​ ប្រទេស​បារាំង និង​ឈ្នះ​ការ​ប្រកួត​​ទាំង​២​ជើង​ក្នុង​លទ្ធផល ៤-១ ស្រប​ពេល​ដែល Christian Pulisic និងប្រធាន​ក្រុម Cesar Azpilicueta គឺ​ជា​អ្នក​រកបាន​គ្រាប់បាល់​ទាំង​២​គ្រាប់​សម្រាប់​ក្រុមខ្លួន​។

ជ័យ​ជម្នះនេះ បាន​កើត​ឡើង​ នៅ​ថ្ងៃ​តែមួយ ដែល​មាន​ព័ត៌មានលេច​ឮថា គ្រួ​សារត្រកូល Ricketts ដែល​ជាម្ចាស់​ក្លិប Chicago Cubs ក្នុងក្រប​ខ័ណ្ឌ​បេស្បល Major League Baseball គឺ​ជា​បេក្ខ​ភាព​ឈាន​មុខ​គេដែល​ទិញ​ក្លិបនេះ ស្រប​ពេល​ដែល​អតីត​តារា​អត្តពល​អង់គ្លេស Sebastian Coe ក៏បានប្រកាស​ពីការ​ចូលរួម​ទិញ​ក្លិប​តោខៀវ​ផង​ដែរ​។ នៅពេល​ផ្តល់​សម្ភាស​ជាមួយនឹង​អ្នក​សារ​ព័ត៌មាន​នាកីឡដ្ឋាន Stade Pierre-Mauroy លោក Tuchel បាន​ឲ្យដឹងថា៖ «សូម​អរគុណ​​សម្រាប់​ការ​បង្កើត​​ភាព​រីក​រាយ​ដល់​ខ្ញុំ​។ ថ្ងៃនេះ ខ្ញុំពិត​រីក​រាយ​ដែលយើង​ស្ថិតក្នុង​វគ្គ​៨ក្រុម​ចុងក្រោយ»៕

ប្រភព​ព័ត៌មាន៖ Channel News Asia