បរទេស៖ ក្លិប Manchester City បាន​ឡើង​ឈរលើ​កំពូល​តារាង​នៃ​លីក​វិភាគ​សាច់​ប្រាក់​ក្នុងកីឡា​បាល់ទាត់ Deloitte ជាលើក​ដំបូង ក្នុងនាម​ជា​ក្លិប​ដែល​រក​បាន​ចំណូល​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​រដូវ​កាល​ឆ្នាំ​២០២០-២០២១ ដែល​ត្រូវ​បាន​​រង​នូវផល​​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​រាត​ត្បាត​នៃ​វីរុស​កូវីដ ១៩​។

ក្លិប Barcelona ដែល​ឈរ​លេខ​១​កាលពីមុន បាន​ធ្លាក់​ទៅ​ឈរ​ក្នុង​ចំណាត់ថ្នាក់លេខ​៤ ក្នុងរដូវ​កាល​ទី​២៥​នៃ​ការ​បង្កើត​តារាងនេះ ដែល​ជា​ចំណាត់​ថ្នាក់​ដ៏ទាប​បំផុត​របស់​ក្លិប​អេ​ស្ប៉ាញ​មួយនេះ​បើ​គិត​ចាប់​តាំងពីឆ្នាំ​២០១៣-២០១៤​។ ក្លិប Man City ដែល​​មាន​ម្ចាស់​កម្ម​សិទ្ធិមកពី​អាប៊ូ​ដាប៊ី និង​រក​បាន​ចំណូល​សរុប​៦៤៤,៩លានអឺ​រ៉ូ (ស្មើនឹង​៧១០,៨១លានដុល្លារ​អាមេរិក) ក៏ដូច​ជា​មាន​ម្ចាស់ឧបត្ថម្ភ​ជាច្រើននៅក្រោយ បានឡើង​រហូត​ដល់​ទៅ​​៦​ចំណាត់​ថ្នាក់​។ ក្រុម​ម្ចាស់​ជើង​ឯក​ក្រប​ខ័ណ្ឌ Premier League មួយនេះ និង​កំពុង​តែ​​នាំ​មុខ​លើ​តារាងនាពេលបច្ចុប្បន្ន គឺ​ជាក្លិប​ទី​៤​ដែល​ឡើង​ឈរ​លើ​តារាង Deloitte បន្ទាប់​ពី​ក្លិប Barcelona, Real Madrid និង Manchester United​។ ក្លិប Real Madrid (រក​បាន​ចំណូល៦៤០,៧លាន​អឺ​រ៉ូ) ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ​២ ហើយក្លិប Bayern Munich (រក​បាន​ចំណូល​៦១១,៤លានអឺ​រ៉ូ) ស្ថិតក្នុង​​ចំណាត់​ថ្នាក់លេខ​៣​។

ក្លិប Manchester United ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ​៥ ដែល​ជា​ចំណាត់ថ្នាក់​ដ៏​ទាប់​បំផុត​របស់​ពួកគេមក​ទល់​ពេលនេះ ស្រប​ពេលក្លិប Paris St Germain ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ​៦ ហើយ​ក្លិប Liverpool ស្ថិតក្នុង​ចំណាត់ថ្នាក់លេខ​៧​។ ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប Chelsea ដែល​បច្ចុប្បន្ន កំពុង​តែដាក់​លក់​ដោយ​សារ​តែ​ការ​ដាក់​ទណ្ឌកម្មនានា លើ​ម្ចាស់​កម្មសិទ្ធិ​ជាសេដ្ឋី​រុស្ស៊ី លោក Roman Abramovich ក្រោយពីការឈ្លាន​ពាន​នៅ​អ៊ុយក្រែន បាន​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​៨៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia