បរទេស៖ ក្រុម Benfica ត្រូវ​ជួប​ការងារ​ដ៏លំបាក​មួយផ្សេង​ទៀត ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​​រាត្រីនេះ ប៉ុន្តែ ក្រោយពី​បាន​ទម្លាក់​ក្រុម Barcelona និង​ Ajax រួច​ជាស្រេច មាន​ការ​ជឿជាក់​ថា ពួក​គេ​អាច​នឹង​បង្កើត​ឲ្យ​មាន​ការ​​ភ្ញាក់​ផ្អើល​មួយផ្សេង​ទៀត​ពេល​ប៉ះ​ជាមួយ​នឹងក្រុម Liverpool​។

អ្នក​សេ្នហា​វិស័យ​កីឡា​បាល់ទាត់​ជា​ច្រើន​នាក់ បាន​ចាត់ទុក​ថា ជា​គូ​ប្រកួត​ដ៏​ងាយស្រួល​បំផុត នៅពេល​ដែល​ការ​ចាប់​ឆ្នោត​​ត្រូវ​បាន​រៀប​ចំ​ឡើង​នៅ​​ទីក្រុង Nyon កាលពី​ខែមុន ហើយ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍នោះ​គឺ​ថា នេះ​គឺ​ជា​វគ្គ​ដ៏​ជ្រៅ​បំផុត​ដែល​ក្រុម​របស់​ព័រ​ទុយ​​ហ្គាល់​មួយនេះ ​ឈាន​ទៅ​ប្រកួតក្នុងក្រប​ខ័ណ្ឌ Champions League ក្នុង​រយៈពេល​៦​ឆ្នាំ​មក​នេះ​។ ពេល​ចុងក្រោយ​ដែលក្រុម Benfica បាន​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល់​ផ្តាច់​ព្រ័ត្រ គឺ​ក្នុង​ឆ្នាំ​១៩៩០ ដែល​​​​កាល​នោះ ក្រុ​ព័រ​ទុយ​ហ្គាល់​មួយនេះ ​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក Sven-Goran Eriksson បាន​រង​បរា​ជ័យ​ក្នុង​លទ្ធផល ១-០ ក្រោមស្នា​ដៃក្រុម AC Milan និង​បាន​ខក​ខាន​ក្នុង​ការ​លើក​ពាន​ European Cup ជាលើក​ទី​៣​របស់​ខ្លួន​។

នោះ​គឺ​ជា​ពេល​វេលា​ចុងក្រោយ​ដែល​ក្រុម Benfica ស្ថិត​ក្នុង​ចំណាត់​ក្រុម​ខ្លាំង​ប្រចាំ​អឺ​រ៉ុប ហើយ​វា​នឹង​ក្លាយ​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប្រសិន​បើ​ពួក​គេ​ផ្តល់​ការ​ខក​ចិត្ត​ដល់ Liverpool ដែល​ជា​​ក្រុម​មាន​ក្តី​សង្ឃឹម​ខ្ពស់​ក្នុង​ការ​លើកពាន Champions League នៅ​រដូ​វកាល​នេះ ជាមួយនឹងក្រុម Manchester City​។ ការ​ដណ្តើម​បាន​លទ្ធផល​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ជា​បន្ត​បន្ទាប់​របស់ Benfica ក្នុង Champions League គឺ​មាន​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទៅនឹង​ក្រប​ខ័ណ្ឌ​ក្នុងស្រុក​របស់ពួក​គេ ដោយ​ពួក​គេ​ចែកផ្លូវ​ជាមួយនឹង​លោក​គ្រូបង្វឹក Jorge Jesus កាលពី​ខែធ្នូ ក្រោយពី​ការ​រង​បរា​ជ័យ​ក្នុង​លទ្ធផល ៣-០ ក្រោមស្នា​ដៃក្រុម Porto និង​ឈ្នះ​តែ​៧​លើក​គត់ ក្នុង​ចំណោម​ការ​ប្រកួត​១៥លើក​ដំបូង​របស់​ពួក​គេ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia