បរទេស៖ លោក Diego Simeone បាន​ទទួល​ស្គាល់​កាលពីថ្ងៃ​ចន្ទ​ថា ក្រុម Manchester City មាន «កីឡាករ​ឆ្នើម​ៗ» ជាងក្រុម Atletico Madrid ប៉ុន្តែ ភាព​ជោគ​ជ័យ​​របស់​ក្រុម Chelsea ក្នុង​ក្រប​ខ័ណ្ឌ Champions League កាលពី​ឆ្នាំ​មុន បង្ហាញ​ថា ក្រុមរបស់​លោកនៅ​តែ​អាច​ឈាន​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

Atletico ត្រូ​វ​បាន​គេ​ចាត់​ទុក​ថា ជា​ក្រុម​មានក្តី​សង្ឃឹម​តិច​តួច មុន​ឈាន​ទៅកាន់​ការ​ប្រកួត​ជើង​ទី​១​នៅ​ទីក្រុង Manchester United នៅ​រាត្រីនេះ ប៉ុន្តែ ក្រុម​របស់​លោក Simeone ធ្លាប់​មាន​ប្រវត្តិ​ជាច្រើន​ក្នុងការ​បង្កើត​ភាពភ្ញាក់​ផ្អើល​នានា ដោយ​ពួក​គេ​ក៏​ធ្លាប់​បាន​ផ្តួលក្រុម Bayern Munich របស់​លោក Pep Guardiola ក្នុង​ឆ្នាំ​២០១៦ ផង​ដែរ​។ លោក Simeone បាន​និយាយ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​ថា៖ «ខ្ញុំគ្មាន​ការ​សង្ស័យ​ឡើយ​ដែលក្រុម Manchester City មាន​កីឡាករ​ឆ្នើម​ៗ​ច្រើន​។ ពួកគេមាន​កីឡាករ​ល្អ​ៗ​ជាង​យើង ប៉ុន្តែ យើង​មានការ​ប្រកួត​២​ជើង​​ដើម្បី​លេង​​។ ក្រុម Manchester City និង Bayern គឺ​ជាក្រុម​មានក្តី​សង្ឃឹម​ខ្ពស់​ ដោយ​សារ​តែ​កីឡាករ​ដែល​ពួកគេមាន ប៉ុន្តែ កាលពី​រដូ​វកាល​មុន Chelsea បាន​ឈ្នះ​ពាន​។ ពួកគេ​លេង​បានល្អ​ជាងក្រុម​នានា ពួក​គេ​បាន​លេងក្នុងនាម​ជាក្រុម​មួយ ហើយពួកគេ​បាន​ទទួល​ជ័យ​ជម្នះ ដែល​គ្មាន​នរណាម្នាក់ បាន​រំពឹង​ទុក​»​។

ជាមួយ​​គ្នានេះ លោក Guardiola បាន​បដិសេធ​ក្នុងការ​​ផ្តោតលើ​ការ​ពិភាក្សា​​ទាក់​ទង​នឹង​បច្ចេក​ទេស​ប្រកួត ស្រ​បពេល​ដែល​មានការលើក​ឡើង​ថា វា​នឹងក្លាយ​ការ​ប្រកួត​រវាងក្រុម​ដែល​ផ្តោត​លើ​ការ​គ្រប់គ្រង​បាល់​ឲ្យ​បាន​ច្រើន​របស់​លោក Pep និង​ការលេង​បែប​វាយ​សម្រុក​រហ័ស​របស់​​ក្រុម Atletico ក្រោម​ការ​ដឹកនាំ​របស់​លោក Simeone៕

 

ប្រភព​ព័ត៌មាន៖ worldsoccertalk