បរទេស៖ ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិ​ពល Kevin De Bruyne បាន​បំ​បែក​តំបន់​ការ​ពារ​ដ៏​រឹង​មាំ​របស់​ក្រុម Atletico Madrid ខណៈ​​ដែល​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​របស់​តារាឆ្នើម​នៃក្រុម Manchester City រូបនេះ បាន​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យជម្នះ​ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ ជើង​ទី​១ កាលពីថ្ងៃ​អង្គារ​។

ក្រុម​របស់​លោក Pep Guardiola ទំនង​ដូច​ជា​ជួប​ការលំបាក​ក្នុងការ​ព្យា​យាម​ស្វែង​រក​វិធី​​ដើម្បី​ទម្លុះ​តំបន់​ការ​ពារ​ដ៏​រឹងមាំ​របស់​ក្រុម Atletico នាកីឡដ្ឋាន Etihad​។ ប៉ុន្តែ លោក Guardiola បាន​ដាក់​ឲ្យ Phil Foden ចូល​លេងនៅ​ពាក់កណ្តាល​តង់​ទី​២ ហើយ​ការ​បញ្ជូន​បាល់​​ប្រកបដោយ​ភាព​ឆ្លាត​វៃ​របស់​គេ បាន​ជួយ​ឲ្យ De Bruyne ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាងល្អ ដើម្បី​ធ្វើ​ឲ្យក្រុម Man City នាំមុខ​ដ៏ស្តួច​ស្តើង​។ បើ​ទោះ​បី​លោក Guardiola បាន​គប់​ដប​ទឹក​ចោល ដើម្បី​ធ្វើការ​អប​អរ​​យ៉ាង​រីក​រាយ​ ដែល​បង្ហាញ​ថា ការ​ប្រកួតនេះ​ពិត​ជា​សំខាន់​សម្រាប់​លោក​នោះ គ្រូបង្វឹក​របស់​ក្រុម Man City រូបនេះ ក៏​ដឹង​​ដែរ​ថា ការ​ប្រកួត​វគ្គ​នេះ មិន​ទាន់​ចប់នៅឡើយ​ទេ​។

Atletico បាន​ទម្លាក់ក្រុម Manchester United ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ​រួច​ជាស្រេច នៅ​រដូវកាល​នេះ ស្រប​ពេល​ដែល Liverpool ក៏​ជួប​ការ​ខកចិត្ត​ក្រោម​ស្នា​ដៃក្រុម​របស់​លោក Diego Simeone ផង​ដែរ នៅពេល​ដែល​ក្រុម​ហង្ស​ក្រហម​ជា​ម្ចាស់​ការ​ពារ​ពាន ក្នុង​រដូវកាល​ឆ្នាំ​២០១៩-២០២០​។ ក្រុម​ជើង​​ឯក​របស់​អេ​ស្ប៉ាញ​មួយ​នេះ នឹងនៅ​តែ​ជឿជាក់​ថា ពួកគេ​អាច​បង្កើត​ឲ្យមានការ​ភ្ញាក់​ផ្អើល​មួយផ្សេង​ទឿត​ក្នុង​ជើង​ទី​២​ ក្នុង​ទីក្រុង​ម៉ា​ឌ្រីដ នា​ថ្ងៃ​ទី​១៣ ខែ​មេសា ខាងមុខនេះ​៕

ប្រភព​ព័ត៌មាន៖ worldsoccertalk