បរទេស៖ លោក Thomas Tuchel បាន​និយាយ​ថា Chelsea ចង់​បង្ហាញពី «ភាពខ្លាំង​របស់​ខ្លួន» ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុមចុងក្រោយ​របស់​ខ្លួន ពេល​ប៉ះ​ជាមួយនឹងក្រុម Real Madrid ខណៈ​ដែល​ពួក​គេសម្លឹង​រក​ការ​ស្តារ​មុខមាត់​ត្រឡប់​មកវិញ ពីការ​ចាញ់​ដ៏មិននឹកស្មាន​ដល់ក្នុងលទ្ធផល ៤-១ ក្រោមស្នា​ដៃក្រុម Brentford កាលពីថ្ងៃ​សៅរ៍​។

ពេលនេះ ពួក​គេ​ត្រៀម​​ជួប​ជាមួយនឹងក្រុម​យក្ស​របស់​អេ​ស្ប៉ាញ ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​ៗ​គ្នា ក្រោយពី​ឈ្នះ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ កាលពី​ឆ្នាំ​មុន ក្នុង​លទ្ធ​ផល​ទាំង​២​ជើង ៣-១ នៅមុន​ពេល​ផ្តួលក្រុម Manchester City ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។ លោក Tuchel បាន​បញ្ជាក់​ថា ក្រុម​ម្ចាស់​ជើង​ឯក​១៣​សម័យ​កាល Real Madrid មិន​មែន​ជាក្រុម​ខ្លាំង​ដូច​ពេល​ដែលពួកគេ​បាន​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League ៣​រដូវ​កាល់​ជាប់​ៗ​គ្នា ចាប់ពី​ឆ្នាំ​២០១៦ ដល់ឆ្នាំ​២០១៨ ឡើយ ប៉ុន្តែ បាន​និយាយ​ថា ពួកគេនៅ​តែ​មាន​បទិសោធ​ច្រើន​ក្នុង​យុទ្ធនា​ការ​នេះ​។

 

នៅមុន​ពេលការ​ប្រកួតនៅ​រាត្រីនេះ លោក​បាន​ឲ្យដឹងថា៖ «ខ្ញុំ​គិត​ថា វា​ជា​រឿង​ធម្ម​តា​ដែល​វដ្តន៍​បែបនេះ មានផ្លាស់​ប្តូរ​ក្នុង​ពេល​ណាមួយ ហើយ​នេះគឺ​ជា​អ្វី​ដែល​បានកើត​ឡើង​លើ​ពួកគេ​។ សម្រាប់​យើង វា​ជា​ឱកាស​ពិសេស​ក្នុងការ​ប្រកួត​ជាមួយនឹង Real Madrid ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។ យើង​ចង់​បង្ហាញពី​កម្រិត​ខ្លាំង​របស់​យើង​នៅថ្ងៃ​ស្អែក​នេះ​។ យើង​ចង់​បង្ហាញពី​ខ្លួន​ឯង ហើយ​នោះ​គឺ​ជា​គោល​ដៅ​។ ឱកាស​នេះ​ពិត​ជា​ពិសេស​»​៕

 

ប្រភព​ព័ត៌​មាន៖ AFP