ក្រុមជម្រើសជាតិបាល់ទាត់​កម្ពុជា​ អាយុ​ក្រោម២៣​ឆ្នាំ បាន​ដឹងច្បាស់​ហើយ ពីគូប្រកួត ដែល​ពួក​គេ ត្រូវជួប សម្រាប់​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២២​នេះ ប៉ុន្តែ​ចំពោះ​គម្រោង​ចេញ​ទៅបោះជំរំហ្វឹក​ហាត់​ នៅ​វៀតណាម សម្រាប់ត្រៀមការ​ប្រកួត​នេះ ហាក់ស្ថិត​នៅ​ក្នុងភាពមិនទាន់ច្បាស់លាស់ នៅ​ឡើយ​ទេ។

តាម​រយៈ​ការ​ចាប់​ឆ្នោត របស់​គណៈកម្មាធិការរៀបចំ ការ​ប្រកួត​កីឡាស៊ីហ្គេម លើក​ទី៣១ ឆ្នាំ​២០២២ នៅ​ទី​ក្រុងហាណូយ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ គឺក្រុមទាំង​១០ ដែលបាន​ចូល​រួមការ​ប្រកួតនេះ ត្រូវ​បានចែក​ជា​៥គ្រុប (Pot) ដោយ​ក្នុង​នោះ​​គ្រុប​១ មាន​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម និង​ថៃ គ្រុប២ មាន​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី គ្រុប៣ មាន​​ មីយ៉ាន់ម៉ា និង​កម្ពុជា គ្រុប​៤ មាន ​ហ្វីលីពីន និង ​សិង្ហបុរី ចំណែក​​គ្រុប៥ មាន ​ឡាវ និង​​ទីម័រខាងកើត ហើយ​លក្ខខណ្ឌ​នៃ​ការ​ចាប់ឆ្នោត​នេះ គឺកំណត់​មិន​ឱ្យ​ក្រុមស្ថិត​នៅគ្រុប​​តែ​មួយ ឈរ​នៅពូល​ជាមួយគ្នា​នោះទេ។

ជាមួយ​គ្នា​នេះ​ ក្រុម​ម្ចាស់​ផ្ទះ ​វៀតណាម ត្រូវបាន​ដាក់ឱ្យ​ឈរ​នៅពូល​A ដោយ​ស្វ័យ​ប្រវត្តិ ហើយ​ក្រុម​ថៃ ឈរ​នៅពូល​B ចំណែក​លទ្ធផល ​សម្រាប់ការ​ចាប់​ឆ្នោត​របស់​ក្រុម​ផ្សេង​ទៀត គឺក្រុម​ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និង​ក្រុម​ទីម័រខាង​កើត ឈរ​នៅពូល​A ជាមួយ​ម្ចាស់ជើងឯក វៀតណាម ខណៈ​ម៉ាឡេស៊ី កម្ពុជា សិង្ហបុរី និង​ឡាវ ឈរ​នៅពូល​B ជាមួយក្រុម​ថៃ។

តាម​រយៈ​លទ្ធផល ​នៃ​ការ​ចាប់​ឆ្នោត​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម​ជម្រើស​ជាតិ​​​កម្ពុជា នឹង​ត្រូវ​ធ្វើការ​ងារ​ធ្ងន់ ព្រោះ​ត្រូវ​ប្រឈមជាមួយក្រុមខ្លាំងៗ​ដូចជា​ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី ខណៈ​ក្រុមឡាវ ដែល​កម្ពុជា ត្រូវជួបមុនគេ នៅ​ថ្ងៃទី​៩ ខែឧសភា នោះ ក៏​មិនអាច​មើល​រំលងបាន​ដូចគ្នា។

ទន្ទឹម​នឹងនេះ សម្រាប់​ញម្រោង​ចេញ​ទៅ​បោះជំរំហ្វឹក​ហាត់​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅប្រទេស​វៀតណាម​នោះ ក៏​ស្ថិតនៅ​ក្នុងភាពមិនទាន់ច្បាស់លាស់​នោះ​ដែរ   ហេតុ​នេះ​​ការ​ប្រកួតផ្តុំ អាច​នឹង​ត្រូវធ្វើ​នៅ​ក្នុង​ស្រុក​សិន ដែល​អាច​នឹងចាប់​ផ្តើម នៅថ្ងៃទី​២៥ និង​ទី​២៦ ខែមេសា ខាងមុខ​នេះ គឺ​បន្ទាប់ពី​ការ​ប្រកួត​លីគកំពូល​កម្ពុជា ឈប់សម្រាក ក្រោយការ​ប្រកួត​ចុង​ក្រោយ នៅ​ថ្ងៃទី​២៣ ខែមេសា។

ជុំវិញ​បញ្ហា​នេះ លោក ភា​ សុភ័ក្រ្តា គ្រូជំនួយ​ក្រុមជម្រើសជាតិ​កម្ពុជា បានប្រាប់​​ថា៖ ​«​សម្រាប់​ការ​បោះជំរំហ្វឹកហាត់ (នៅប្រទេស​វៀតណាម)​នេះ យើង​អត់ទាន់ច្បាស់ដែរ ដោយសារ​យើង​នៅមិនទាន់ដឹង​ថា ខាងគណៈកម្មាធិការ​ស៊ីហ្គេម​នេះ គេ​​ឱ្យ​យើង​ ទៅមុន​ការ​ប្រកួត​​ប៉ុន្មាន​ថ្ងៃ​នោះទេ»។

អតីត​គ្រូ​បង្គោល​ក្រុម​ក្រសួងការពារជាតិ លោក ភា សុភ័ក្រ្តា បាន​បន្ថែម​ថា៖«ប៉ុន្តែ​​សម្រាប់​កម្ម​វិធី ដែល​យើងត្រៀម គឺ​ពេល​លីគ​កំពូល​​កម្ពុជា ឈប់ពី​​ថ្ងៃទី​២៤ ខែមេសា ទៅ អ៊ីចឹង​​ នៅថ្ងៃទី​២៥ ឬទី​២៦ យើងអាច​ប្រមូលផ្តុំ មួយ​ដំណាក់កាល នៅ​ក្នុងស្រុកខ្មែរសិន ហើយ​ថ្ងៃ​ចេញទៅហាណូយ អាច​ខ្ទង់​ថ្ងៃទី​២៨ ឬ​ទី​៣០ ខែមេសា»។

យ៉ាងណាមិញ សម្រាប់ការចាប់ឆ្នោត​វិញ្ញាសា​បាល់​ទាត់នារី ដែល​ត្រូវ​បាន​ធ្វើ កាលពី​ថ្ងៃពុធ​នោះ​ដែរ ក្រុម​ម្ចាស់​ជើង​ឯក ​​វៀតណាម ត្រូវដាក់ឱ្យ​ឈរ​នៅពូល​A ដោយស្វ័យ​ប្រវត្តិ ខណៈ​ក្រុម​​លេខ​២ ​ថៃ ​ឈរ​នៅពូល​B ចំណែក​ក្រុម​ផ្សេង​ទៀត ត្រូវចាប់ឆ្នោត​ទៅ​តាម​គ្រុប ហើយជា​លទ្ធផល ក្រុម​នារី​កម្ពុជា ព្រមទាំង​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី បាន​ឈរ​នៅពូល​A ជាមួយ​ម្ចាស់​ផ្ទះ ​វៀតណាម រីឯ​ក្រុម មីយ៉ាន់ម៉ា ឡាវ និង​​សិង្ហបុរី ឈរ​នៅពូល​B ជាមួយ​ថៃ៕