បរទេស៖ ប៉ូ​លិស បាន​ចាប់​ផ្តើម​ធ្វើការ​ស៊ើប​អង្កេត​ ក្រោយពី​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ត្រូវ​បាន​ចោទ​ប្រកាន់​ថា បានប្រព្រឹត្ត​បទ​​រំលោភ​បំពាន លើ​អ្នក​គាំទ្រ​ម្នាក់ តាមរយៈ​ការ​វាយ​​ទូរ​ស័ព្ទ​ចេញពី​ដៃ​​របស់​អ្នក​គាំទ្រ​រូ​បនោះ ក្រោយ​ពីកា​ររង​បរា​ជ័យ​របស់​ក្រុម Manchester United ក្រោមស្នា​ដៃក្រុម Everton កាលពីថ្ងៃ​សៅរ៍​។

ប៉ូលិស​ប្រចាំ​តំបន់ Merseyside កាលពីថ្ងៃ​​អាទិត្យ បាន​ប្រកាស​រក​សាក្សី ក្រោយពី​រូប​ភាព​វីដេអូ​មួយ​នៅលើ​បណ្តាញសង្គម បាន​បង្ហាញ​ថា Ronaldo បាន​វាយ​​ទូរ​ស័ព្ទ​ចេញពី​ដៃអ្នក​គាំទ្រ​ម្នាក់​របស់ Everton នៅពេល​ដែល​រូប​គេ​បាន​ចាក​ចេញពី​ទីលាន​ប្រកួត​ភ្លាម​ៗ ក្រោយពី​ក្រុម Man United បាន​រង​បរា​ជ័យ​ក្នុងលទ្ធផល ១-០ នាកីឡដ្ឋាន Goodison Park​។ អ្នក​នាំ​​ពាក្យ​​ម្នាក់​ឲ្យ​ប៉ូលិស​ប្រចាំ​តំបន់​ Merseyside បាន​ឲ្យដឹងថា៖ «យើង​អាច​ប្រកាស​បាន​ថា យើង​កំពុង​តែ​ទំនាក់ទំនង​ជា​មួយនឹងក្លិប​បាល់ទាត់ Manchester United និង Everton ក្រោយពីមាន​ព័ត៌​មាន​ទាក់​ទង​នឹង​​ការ​រំលោភ​បំពាន​ក្នុងការ​ប្រកួត​រវាងក្រុម Everton និង Manchester United នៅ Goodison»​។

ម្តាយ​​របស់​អ្នក​គាំទ្រ​វ័យ​១៤ឆ្នាំ​រូប​នោះ បាន​ប្រាប់​សារ​ព័ត៌មាន Liverpool Echo ថា កូន​ប្រុស​របស់អ្នក​ស្រី ដែល​មាន​ជំ​ងឺ​អូ​ទី​ស្សឹម និ​ង​ជំ​ងឺ​ខុស​ប្រក្រតី បាន​រង​នូវ​របួស​ដាច់​រលាត់ដៃ ក្រោយពី​ហេតុ​ការណ៍​នោះ​។ Ronaldo បាន​ចេញ​មុខ​សុំ​អភ័យ​ទោស​ចំពោះ​កំហឹង​របស់​គេ កាលពីថ្ងៃ​សៅរ៍ និង​បាន​អញ្ជើញ​​ក្មេង​ប្រុស​រូប​នោះ ឲ្យ​ទស្ស​នា​ការ​ប្រកួត​នៅ​កីឡដ្ឋាន Old Trafford ដើម្បី​ជា​ការ​សង​ជំ​ងឺ​ចិត្ត​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia