បរទេស៖ ក្រុម Bayern Munich នឹងសម្លឹងរកការ «ដាក់ទណ្ឌកម្ម» ដល់ក្រុម Villarreal ចំពោះការខ្ជះខ្ជាយឱកាសរបស់ពួកគេ ក្នុងការប្រកួតជើងទី១ និងបង្ហាញពីទម្រង់លេង «យ៉ាងល្អឥតខ្ចោះ» ក្នុងការប្រកួតជើងទី២លើទឹកដីខ្លួនឯងនៅរាត្រីនេះ ដើម្បីស្រោចស្រង់ការប្រកួតក្របខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ។
Bayern ពិតជាមានសំណាងណាស់ដែលចាញ់ត្រឹមលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Villarreal កាលពីសប្តាហ៍មុន ខណៈដែលកីឡាករ Francis Coquelin និង Gerard Moreno សុទ្ធសឹងបានខ្ជះខ្ជាយឱកាសដូចគ្នា សម្រាប់ក្រុមរបស់អេស្ប៉ាញមួយនេះ។ លោក Julian Nagelsmann គ្រូបង្វឹកក្រុម Bayern បាននិយាយកាលពីថ្ងៃចន្ទថា៖ «យើងបានបង្កើតឲ្យមានកំហុសជាច្រើន ក្នុងការប្រកួតក្រៅដី។ ពួកគេបានស៊ុតបាល់បញ្ចូលទីតែ១គ្រាប់ដែលអនុញ្ញាតឲ្យយើងស្រោចស្រង់វិញបាន ហើយយើងគួរតែដាក់ទណ្ឌកម្មដល់ពួកគេ»។
Bayern បានស៊ុតបាល់បញ្ចូលទី២០គ្រាប់ ក្នុងការប្រកួតលើទឹកដីខ្លួនឯង៦លើកចុងក្រោយរបស់ពួកគេ ប៉ុន្តែ ពួកគេកំពុងតែស្ថិតក្រោមសម្ពាធដើម្បីគេចឲ្យផុតពីការធ្លាក់ចេញពីក្រខ័ណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយ រយៈពេល២ឆ្នាំជាប់ៗគ្នា។ លោក Nagelsmann បានបន្ថែមទៀតថា៖ «ដូចដែលយើងដឹងស្រាប់ហើយថា គ្រាប់ពេជ្រត្រូវបានច្នៃក្រោមសម្ពាធខ្ពស់។ ជាការរំពឹងទុក យើងនឹងបង្កើតឲ្យមានទម្រង់លេងដ៏ត្រចាស់ត្រចង់នៅថ្ងៃស្អែកនេះ»៕
ប្រភពព័ត៌មាន៖ Channel News Asia


