បរទេស​៖ ក្លិប​បិសាច​ក្រហម Manchester United បាន​តែង​តាំង​លោក Erik ten Hag ដែល​ជា​គ្រូបង្វឹក​របស់​ក្លិប Ajax Amsterdam ជា​អ្នក​ចាត់​ការ​ទូទៅ​​ថ្មី​របស់​ខ្លួន​ ដើម្បី​ជំនួស​កន្លែង​របស់​លោក​គ្រូបង្វឹក​បណ្តោះ​អាសន្ន Ralf Rangnick ចាប់​ពី​បញ្ចប់​រដូវ​កាល​នេះ​ត​ទៅ​។

នេះ​បើយោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League មួយ​នេះ​កាលពីថ្ងៃ​ព្រហស្បតិ៍​។ ក្លិប Man United បាន​ឲ្យដឹង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា៖ «ក្លិប Manchester United ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​ប្រកាស​ពីការ​តែង​តាំង​លោក Erik ten Hag ជា​​អ្នក​ចាត់​ការ​ទូទៅ​ថ្មី​របស់​ក្រុម​​ធំ ដោយ​លោក​ត្រូវ​តម្រូវ​ឲ្យ​ស្នើ​សុំ​វី​សា មុន​នឹងចូល​កាន់​តំណែងចាប់​ពី​ចុង​រដូវ​កាល​នេះ​​ត​ទៅ​ រហូត​ដល់​ខែ​មិថុនា ឆ្នាំ​២០២៥ ជាមួយនឹង​​ជម្រើស​ក្នុង​ការ​បន្ត​កុង​ត្រា​រយៈពេល​​១​ឆ្នាំទៀត​»​​។

លោក Ten Hag​ គឺ​ជា​អ្នក​ចាត់​ការ​ទូទៅ​ទី​៥ ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​ក្លិប Man United បើ​គិត​ចាប់​តាំង​ពី​លោក Alex Ferguson បាន​ចូល​និវត្តន៍ ក្នុង​ឆ្នាំ​២០១៣ បន្ទាប់​ពីការ​​តែង​តាំង​លោក David Moyes, Luis van Gaal, Jose Mourinho និងលោក Ole Gunnar Solskjaer​។ លោក Rangnick បាន​ចូល​កាន់​តំណែង​ជា​អ្នក​ចាត់​ការ​ទូទៅ​បណ្តោះ​អាសន្ន​កាល​ពី​ខែ​វិច្ឆិកា ក្រោយពី​ការ​បណ្តេញ​លោក Solskjaer ចេញពី​តំណែង​ ក្រោម​កិច្ច​ព្រម​ព្រៀង​គ្នា​ក្នុង​ការ​បន្ត​តំណែង​ជា​ទីប្រឹក្សា​ សម្រាប់​រយៈពេល​២​ឆ្នាំ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia