បរទេស៖ ក្លិប Real Madrid កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​ចុះ​ហត្ថលេខា​ជាមួយនឹង Antonio Rudiger ដោយ​គ្មាន​តម្លៃ​ខ្លួន ក្រោយពី​បាន​​ឈាន​ដល់​ការ​ព្រម​ព្រៀង​ដោយផ្ទាល់​មាត់ ជាមួយនឹង​ខ្សែ​ការ​ពារ​របស់​ក្លិប​ Chelsea រូបនេះ លើ​កិច្ច​សន្យា​រយៈពេល​៤​ឆ្នាំ ក្នុង​ទំហំ​ទឹក​ប្រាក់​ដ៏ច្រើន​សន្ធឹក​សន្ធាប់​។

Rudiger បាន​រៀប​ចំ​កិច្ច​​ពិភាក្សា​ប្រកប​ដោយ​ភាព​វិជ្ជ​មាន​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​ក្លិប​មានមូលដ្ឋាន​នៅកីឡដ្ឋាន Bernabéu មួយនេះ កាលពី​ចុងសប្តាហ៍​មុន ហើយ​និង​ត្រូវ​​ទទួល​បាន​ចំណូល​ខ្ពស់​ជាង​មុន ក្រោយពី​បាន​សម្រេច​ចិត្ត​ចាក​ចេញពីក្លិប Chelsea នៅពេល​ដែល​កិច្ច​សន្យា​របស់​គេ​ផុត​កំណត់នៅ​ចុង​រដូវកាល​នេះ​។ លោក Carlo Ancelotti អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Real Madrid បាន​ចាត់​ទុក​​ខ្សែ​ការ​ពារ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់​រូបនេះ ជា​កីឡាករ​ចំណូល​ថ្មី​ដ៏សំខាន់ម្នាក់ ហើយ​បើ​ទោះ​បី​​​ការ​ផ្ទេរ​នេះ មិន​ទាន់​បំពេញជាផ្លូវ​ការក៏ដោយ ប៉ុន្តេ គេ​គួរ​តែ​ប្រកាស​ជាផ្លូវ​ការ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ទទួល​បាន​ចំណូល​យ៉ាង​ហោច​ណាស់​២០​ម៉ឺន​ផោន (ស្មើនឹង​២៥,៥​ម៉ឺន​ដុល្លារ​អាមេរិក)​។ ក្លិប Chelsea ធ្លាប់​បាន​សង្ឃឹម​ថា អាច​រក្សា​ទុក Rudiger ដែល​ទទួល​បានចំណូល​ប្រមាណ​ជា​៩​ម៉ឺន​ផោន ក្នុង​១​សប្តាហ៍ ប៉ុន្តែ មិនអាច​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​មួយនឹង​រូប​គេ នៅ​មុន​ពេល​​ការ​ដាក់​ទណ្ឌ​កម្ម​ លើ​លោក Roman Abramovich បាន​ធ្វើ​ឲ្យ​ក្លិប​នេះ មិនអាច​ផ្តល់​កិច្ច​សន្យា​ថ្មី តែម្តង​៕

 

ប្រភព​ព័ត៌មាន៖ The Guardian