បរទេស៖ ខ្សែ​ប្រយុទ្ធ Karim Benzema បាន​និយាយ​ថា៖ «យើង​​ត្រូវ​តែ​ធ្វើ​រឿង​​អភិ​និហារមួយ» ក្រោយពី​ក្រុម Real Madrid បាន​បង្ហាញពី​ទម្រង់​លេង​បែប​ស្រោច​ស្រង់​​មួយ​ផ្សេង​ទៀត​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ដើម្បី​រង​​បរា​ជ័យ​ត្រឹម​តែ​លទ្ធ​ផល ៤-៣ ពីការ​ប្រកួត​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ ដ៏រំភើប​​ជា​មួយ​នឹងក្រុម Manchester City កាលពីថ្ងៃ​អង្គារ​។

Benzema ​គួរ​តែ​អាច​បង្កើត​រាត្រី​ដ៏ពិសេស​មួយ​នៅកីឡដ្ឋាន Santiago Bernabeu នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ដើម្បី​ធ្វើ​​ឲ្យគ្រាប់​បាល់​សរុប​របស់​គេ​សម្រាប់​រដូវ​កាល​នេះ កើនឡើង​ដល់ ៤១​គ្រាប់ ពីការ​ប្រកួត​៤១លើក​​។ បើ​គ្មាន​តារាឆ្នើម​អន្តរ​ជាតិ​បារាំង​រូបនេះ​ទេ​នោះ ដំណើរ​​ប្រជែង​របស់ Real ក្នុង​ការ​ឈ្នះ​ពានក្រប​ខ័ណ្ឌកំពូល​អឺ​រ៉ុប​ជាលើក​ទី​១៤ នៅ​រដូវ​កាល​នេះ ប្រហែល​ជា​បញ្ចប់​ជា​យូរ​ណាស់​មក​ហើយ​។

Benzema បាន​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់ នៅពេល​ប្រកួត​​ទាំង​ជា​មួយនឹងក្រុម Paris Saint-Germain និង Chelsea ក្នុង​ការ​ប្រកួត​​២​ជុំ​ចុងក្រោយ ខណៈ​ដែល Real ​បាន​ធ្វើ​ដំណើរ​ទៅកាន់​​វគ្គ​៤​ក្រុម​ចុងក្រោយ ជា​លើក​ទី​៣០​។ ផ្ទុយ​ទៅ​វិញ នេះ​គឺ​ជា​ការ​ឈាន​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាលើក​ទី​៣​របស់​ក្រុម Man City ប៉ុន្តែ ក្រុម​ម្ចាស់​ជើង​​ឯក​អង់គ្លេស​មួយនេះ បាន​​បង្ហាញ​ពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​នាម​ជា​ក្រុម​មាន​ក្តី​សង្ឃឹម​ខ្ពស់​​ប្រចាំ​យុទ្ធ​នាការ​នេះ នៅ​រាត្រី​នា​កីឡដ្ឋាន Etihad​៕

ប្រភព​ព័ត៌មាន៖ Channel News Asia