បរទេស៖ លោក Jurgen Klopp បានធ្វើការដាស់តឿនថា ក្រុម Liverpool មិនត្រូវធ្វើឲ្យខ្លួនឯងធ្លាក់ក្នុងអន្ទាក់ដូចក្រុម Bayern Munich និងJuventus ដោយសារតែការមើលស្រាលលើក្រុម Villarreal ឡើយ ក្រោយពីក្រុមអេស្ប៉ាញមួយនេះបានបង្កើតការភ្ញាក់ផ្អើលក្នុងក្របខ័ណ្ឌ Champions League។
Liverpool ត្រូវបានចាត់ទុកថា ជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រជាលើកទី៣ក្នុងចំណោម៥រដូវកាល ពេលប៉ះជាមួយនឹងក្រុមរបស់លោក Unai Emery ដែលកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ៧ លើតារាងក្របខ័ណ្ឌ La Liga។ Villarreal នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដើម្បីធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាចព្រ័ត្រ ជើងទី១នៅរាត្រីនេះ។ ក្រោយពីបានបានទម្លាក់ក្រុម Juventus ក្នុងវគ្គ១៦ក្រុមចុងក្រោយ និងក្រុម Bayern Munich ក្នុងវគ្គ៨ក្រុមចុងក្រោយ ក្រុម Villarreal កំពុងតែសម្លឹងរកការបង្កើតការភ្ញាក់ផ្អើលមួយផ្សេងទៀត តាមរយៈការផ្តួលក្រុម Liverpool។
លោក Klopp ក៏បានច្រានចោលផងដែរ ចំពោះការលើកឡើងថា ក្រុម Liverpool បានជួបគូប្រកួតដែលងាយស្រួល ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «ពួកគេបានបង្កើតការភ្ញាក់ផ្អើលក្នុងយុទ្ធនាការនេះ ពីព្រោះតែរបៀបដែលពួកគេបានបង្កើត ពិតជាល្អ»។ ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង២ទៀបភ្លឺ៕
ប្រភពព័ត៌មាន៖ Channel News Asia