បរទេស៖ ខ្សែ​ប្រយុទ្ធ Tammy Abraham បាន​និយាយ​កោតសរសើរ​លោក Jose Mourinho ចំពោះ​ការ​នាំ​យក​ការ​ជឿជាក់​វិល​ទៅកាន់​ការ​ប្រកួត​របស់​ខ្លួន​វិញ និង​បាន​ចាត់​ទុក​អ្នក​ចាត់​ការ​ទូទៅរបស់​ក្រុម Roma រូបនេះ «គឺ​ជា​គ្រូបង្វឹកម្នាក់​ក្នុង​ចំណោម​គ្រូបង្វឹក​ដ៏ឆ្នើម​បំផុត​ក្នុងពិភព​លោក​»​។

លោក Mourinho កំពុង​តែ​ត្រៀម​រៀប​ចំក្រុម​របស់​លោក សម្រាប់​ការ​ប្រកួត​ជាលើក​ដំបូង​នៅលើ​ទឹកដី​អង់គ្លេស បើ​គិត​ចាប់​តាំងពី​លោក​ត្រូវ​បាន​បណ្តេញ​ចេញពីក្លិប Tottenham កាល​ពី​ឆ្នាំមុន​។ គ្រូបង្វឹកសញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូបនេះ នឹង​​ព្យា​យាម​ដឹក​​នាំ​​ឲ្យ Roma របស់​ក្រប​ខ័ណ្ឌ Serie A ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងការ​ប្រកួត​ជើង​ទី​១ ក្នុង​ពេល​ប៉ះ​ជា​មួយ​នឹង​អតីត​គូ​ប្រកួត​ចាស់​របស់​លោកគឺ​អ្នក​ចាត់​ការ​ទូទៅ​របស់ Leicester លោក Brendan Rodgers ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Europa Conference League វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​។

Abraham គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​​ច្រើន​ជាង​គេ ក្នុង​យុទ្ធ​នា​ការ​នេះ ហើយ​មិនមានកីឡាករ​អង់គ្លេស​រូប​ណា រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​នៅ​រដូវ​កាល​នេះ​ឡើយ​។ ខ្សែ​ប្រយុទ្ធ​រូបនេះ​បាន​ឲ្យ​ដឹង​ថា៖ «សម្រាប់​ខ្ញុំ លោក Jose គឺ​ជា​គ្រូបង្វឹក​ម្នាក់​ក្នុង​ចំណោម​គ្រូបង្វឹក​ដ៏ឆ្នើម​បំផុត​នៅលើ​ភព​ផែន​ដីនេះ ដោយ​លោក​ដឹង​យ៉ាង​ច្បាស់​ពី​របៀប​ក្នុងការ​ដឹកនាំ​អ្នក​»​៕

 

ប្រភព​ព័ត៌មាន៖ The Guardian