បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​ចុះ​​កុង​ត្រា​ថ្មី​​មួយ ដែល​នឹង​ធ្វើ​ឲ្យ​លោកបន្ត​ដឹកនាំ​នៅ​កីឡដ្ឋាន Anfield រហូត​ដល់​ឆ្នាំ​២០២៦​។

នេះ​បើយោង​ទៅ​តាម​កា​រប្រកាសរបស់​ក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League មួយនេះ កាលពីថ្ងៃ​ព្រហស្បតិ៍​។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ ដែល​កិច្ច​សន្យា​មុន​របស់​លោក នឹង​ត្រូវ​ផុត​កំណត់​ក្នុង​ឆ្នាំ​២០២៤​នោះ បាន​និយាយ​ថា លោក​ពិត​ជា​រំភើប​រីក​រាយ​ណស់ និង​ដូច​ទទួល​បាន​ពរ​ពី​ព្រះ ក្នុងការ​​បា​ន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​នេះ​។ លោក​បាន​​បញ្ជាក់​ថា៖ «មាន​ចំណុច​ជាច្រើន​ដែ​ល​ត្រូវ​ស្រឡញ់​កន្លែង​នេះ​។

ខ្ញុំ​បាន​​ដឹង​មុន​រួច​ទៅហើយ មុន​នឹង​ខ្ញុំ​បាន​មក​ទីនេះ​។ ខ្ញុំ​​បាន​ស្គាល់​កាន់​តែ​ច្បាស់ ក្រោយពី​ខ្ញុំ​មក​ដល់ ហើយ​ពេលនេះ ខ្ញុំ​ស្គាល់​កាន់​តែ​ច្បាស់​បន្ថែម​ទៀត​»​។ លោក Klopp បាន​បន្ថែម​ទៀត​ថា​៖ «ដូច​ទៅនឹង​ទំនាក់​ទំនង​ដ៏ល្អ​ផ្សេង​ទៀត​ដែរ​ចឹង វាតែង​​តែ​ក្លាយ​ជា​​វិថីមាន​២ផ្លូវ​ ដោយ​អ្នក​ត្រូវ​តែ​​មាន​ភាព​ស្មោះ​ត្រង់​ទៅ​វិញ​ទៅមមក​។ អារម្មណ៍​ដែល​យើង​មាន​ភាព​ត្រឹម​ត្រូវ​រវាង​គ្នា គឺ​ជា​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​នៅ​ទីនេះ ក្នុង​ទី​តាំង​ទី​១ ហើយ​នោះ​គឺ​ជា​មូល​ហេតុ​ដែល​ខ្ញុំ​បាន​បន្ត​កុង​ត្រា​កាលពីមុន​»​។ Liverpool កំពុង​តែ​ប្រមាញ់​ពាន​៤នៅ​រដូវកាល​នេះ ដែល​មិនធ្លាប់​មាន​ពីមុនមក​។ ពួកគេ​បាន​ឈ្នះពាន League Cup រួចជាស្រេច និង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Chelsea ក្នុង​ពាន FA Cup វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​ខែក្រោយ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia