បរទេស៖ ក្រុម Real Madrid ត្រូវ​បាន​សារ​ព័ត៌​មាន​ជាច្រើន​ចេញផ្សាយ​ថា កំពុង​តែ​មាន​បំណង​ក្នុងការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ពីក្លិប Manchester United ទៅកាន់​កីឡដ្ឋាន Bernabeu ជាលើក​ទី​២​។

Ronaldo បាន​បង្ហាញពីទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​​អារម្មណ៍ ក្នុង​រដូវ​កាល​ដ៏​ត្រដាប​ត្រដួស​របស់​ក្រុម Man United តាមរយៈ​ការ​​ស៊ុត​បាល់​បញ្ចូល​ទី​២៣​គ្រាប់ ក្នុងនោះ​១៧​គ្រាប់ កើត​ឡើង​ក្នុង​ក្រប​ខ័ណ្ឌ Premier League ទោះ​បី​លេង​ក្នុង​ក្រុម​ដែលមាន​ទម្រង់​លេង​អន់​ក៏ដោយ​។ ប៉ុន្តែ អនា​គត​របស់​តារាឆ្នើម​អន្តរ​ជាតិ​ព័រ​ទុយ​ហ្គាល់​វ័យ​៣៧​ឆ្នាំ​រូបនេះ នៅ​កីឡដ្ឋាន Old Trafford កំពុង​តែ​ស្ថិតក្នុង​ភាព​មិនច្បាស់ ក្រោយពី​វិល​ទៅ​កាន់​ក្លិប​ដែល​រូប​គេ​បាន​ចាក​ចេញ​ទៅកាន់​ក្លិប Real Madrid សម្រាប់​តម្លៃ​ខ្លួន​ជា​កំណត់ត្រា​ពិភព​លោក​​កាល​នោះ ចំនួន​៨០​លាន​ផោន ក្នុង​ឆ្នាំ​២០០៩ ត្រឹម​តែ​រយៈ​ពេល​​១​រដូវកាល​។

កា​សែត​ The Mirror បាន​ចេញផ្សាយ​ថា Real កំពុង​តែ​ចាប់​អារម្មណ៍​ទៅលើ​ការ​នាំ​យក​កីឡាករ​រូបនេះ​​ត្រឡប់​មក​វិញ ខណៈ​ដែល Ronaldo កំពុង​តែ​ជាប​កិច្ច​សន្យា​ជា​មួយនឹង Man United រហូត​ដល់​រដូវ​កាល​ក្រោយ ជា​មួយនឹង​ជម្រើស​បន្ត​រយៈ​ពេល​១​ឆ្នាំ​ទៀត​។ Man United នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជួស​ជូល​ក្រុម ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​លោក Erik ten Hag ហើយ​វា​ត្រូវ​បាន​គេ​យល់​ឃើញ​ថា Ronaldo មិន​មាន​ភាព​ច្បាស់​លាស់​ពី​តួនាទី​ដែលរូបគេ​អាច​លេង​នៅ Old Trafford៕

 

ប្រភព​ព័ត៌មាន៖ Daily Mail