បរទេស៖ លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​ក្រើន​រំ​ឭក​ថា ក្រុម​របស់​លោក ត្រូវ​តែ «ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់ ក្នុង​ការ​រង​​ការ​ដាក់​សម្ពាធ​ខ្លាំង​» ក្នុង​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Villarreal ប្រសិន​បើ​ពួក​គេ​ចង់​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃក្រប​ខ័ណ្ឌ Champions League​។

ក្រុម​ម្ចាស់​ជើង​ឯក​​កំពូល​អឺ​រ៉ុប​៦​សម័យ​កាល​មួយ​នេះ នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទឹក​ដី​អេ​ស្ប៉ាញ សម្រាប់​ការ​ប្រកួត​ជើងទី​២ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ពួក​គេ ​ជាមួយ​នឹង​ការ​នាំមុខ ២-០​​។ Liverpool កំពុង​តែ​មាន​បំណង​ក្នុង​ការប្រជែង​ដើម្បី​​ឈ្នះ​ពានចំនួន​៤ ក្នុង​រដូវ​កាល​តែ​មួយ​។ លោក Klopp បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពីថ្ងៃ​ចន្ទ​ថា៖ «​ជា​មួយនឹង​ចំណុច​ទាំង​អស់​នេះ អំឡុង​ពេល​នៃ​រដូវកាល​នេះ ពិត​ណាស់ ជាមួយ​នឹង​ស្ថាន​ភាព​ដែលយើង​មាន យើង​ត្រូវ​តែ​ធ្វើ​រាល់​អ្វី​ៗ​ទាំង​អស់ ឲ្យ​បាន​​ត្រឹម​ត្រូវ និង​ច្បាស់លាស់​»​​។

Liverpool បានរង​បរា​ជ័យ​ត្រឹម​តែ​៣លើក​គត់ បើ​គិត​ចាប់​តាំងពី​ដើម​ឆ្នាំនេះ​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា គ្រូ​បង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់ លោក Klopp មិន​បាន​យក​ករណីនេះ​មកសំអាង​ឡើយ តាមរយៈ​ការ​បញ្ជាក់​ថា៖ «ប៉ុន្តែ បញ្ហា​ក្នុង​ការ​ងា​ររបស់​យើង​ រាល់​អ្វី​ៗ​ដំណើរ​ការ​ឥត​ខ្ចោះ លុះ​ត្រា​តែ​ការ​ប្រកួត​បន្ទាប់​ ចាប់ផ្តើម​មិន​បានល្អ ហើយ​ភ្លាម​ៗ​នោះ ការ​ប្រកួត​​បាន​ចាប់​ផ្តើម​ប្រែ​ប្រួល​។ ជា​ការ​ល្អ​ដែលយើង​ត្រូវ​ដឹង ប៉ុន្តែ ពិត​ណាស់​យើង​ស្ថិតក្នុង​ស្ថានភាព​ដ៏ល្អ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia