បរទេស៖ លោក Pep Guardiola អ្នក​ចាត់​​ការ​ទូទៅ​របស់​ក្រុម Manchester City បាន​ចាត់​ទុក​​ការ​បរា​ជ័យ​​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុម​លោក​ក្នុងក្រប​ខ័ណ្ឌ Champions League ជា​ការ​មិនអាច​ព្យាករ​បាន​ក្នុង​កីឡា​បាល់ទាត់​ ក្រោយ​ពី​​ក្រុម Real Madrid បាន​បង្កើត​ការ​វាយ​បក​ដ៏មិននឹកស្មាន​ដល់​នៅ​ជិត​បញ្ចប់​ការ​​ប្រកួត ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​។

Man City បាន​នាំមុខក្នុង​លទ្ធ​ផល ១-០ នៅ​រាត្រី​ប្រកួត​នាកីឡដ្ឋាន Santiago Bernabeu និង​នាំមុខ​ទាំង​២​ជើង ៥-៣ មុន​នឹង​ឈាន​ដល់​នាទី ទី​៩០ ខណៈ​ដែល​គ្រាប់​បាល់​បញ្ចូល​​ទី​ពីរ​គ្រាប់​ក្នុង​ចន្លោះ​ពេល​តែ​៨៨វិនាទី ពី​កីឡាករ​បម្រុង Rodrygo បាន​បង្ខំ​ឲ្យ​ការ​ប្រកួត​ឈាន​ដល់​នាទីបន្ថែម​១៥​នាទី​២​ដង​។

បន្ទាប់​មក​ខ្សែ​ប្រយុទ្ធ​ Karim Benzema បាន​រក​គ្រាប់​បាល់​ឈ្នះ ពី​ការ​ស៊ុត​​បាល់​ប៉េណាល់ទី​ ដើម្បី​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​​​ឯក​១៣​សម័យ​កាល​របស់​ពួក​គេ ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ជា​មួយនឹងក្រុម Liverpool នា​ថ្ងៃ​ទី​២៨ ខែ​ឧសភា ក្នុង​ទីក្រុង​ប៉ារីស​។ ក្រុម​របស់​លោក Guardiola ត្រឹម​តែ​អាច​ឈរ​សោកស្តាយ​ចំពោះ​ការ​ខ្ជះ​ខ្ជាយ​ឱកាស​ជច្រើន​ទាំង​ក្នុង​ការ​ប្រកួត​ជើង​ទី​១នៅ​កីឡដ្ឋាន Etihad និង​បន្ទាប់​ពី Riyad Mahrez ជួយ​ឲ្យ​ពួកគេ​រក​បាន​គ្រាប់​បាល់​នាំមុខ​នៅ​​រយៈ​ពេល​១៧​នាទី​ចុងក្រោយ​។

លោក Guardiola បាន​ប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «យើង​មិន​បានលេង​ក្នុង​កម្រិត​ដ៏ល្អ​បំផុត​​របស់​យើង​ឡើយ ប៉ុន្តែ វា​ជា​រឿង​ធម្ម​តា ដែល​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កីឡាករ​មាន​អារម្មណ៍​រង​នូវ​សម្ពាធ​។ បាល់ទាត់​គឺមិន​អាច​ព្យា​ករ​បាន​ឡើយ​។ វា​ជា​ការ​ប្រកួតមួយ​បែប​នេះ​ឯង​។ យើង​ត្រូវ​តែ​ទទួលយក​វា​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia