បរទេស៖ ក្រុម Manchester City ត្រូវ​តែ​បំភ្លេច​ការ​ខកចិត្ត​ផ្សេង​ៗ ក្នុង​ពេល​ប្រកួត​ជា​មួយនឹងក្រុម Newcastle ក្នុង​ក្រប​ខ័ណ្ឌ Premier League ក្រោយពីការ​ធ្លាក់​ចេញ​យ៉ាង​ឈឺ​ចាប់​​ពី​ក្រប​ខ័ណ្ឌ Champions League បើ​មិន​អ៊ី​ចឹង​ទេ នឹង​ប្រឈមមុខ​នឹង​ការ​មិនស្គាល់ការ​ឈ្នះ​ពាន​សោះនៅ​រដូវ​កាល​នេះ ស្រប​ពេល​ដែល Liverpool កំពុង​តែ​តាម​ពីក្រោយ​យ៉ាង​ប្រកៀក​។

ក្រុម​របស់​លោក Pep Guardiola ដែលកំពុង​តែ​ឈឺចាប់ ក្រោយ​ពី​បាន​ខ្ជះ​ខ្ជាយ​គ្រាប់​បាល់​នាំមុខ​នៅនាទី​ចុងក្រោយ​នៃ​​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ​ជា​មួយនឹងក្រុម Real Madrid មុន​នឹង​ចាញ់​​ទាំង​២​ជើង​ក្នុងលទ្ធផល ៦-៥ នោះ កំពុង​តែ​​​នាំមុខ​១ពិន្ទុ​លើ​ក្រុម​ឈរ​លេខ​២ Liverpool​។ ប៉ុន្តែ ក្រុម​មេឃ​ខៀវ​មួយនេះ ត្រូវ​ចាញ់​ប្រៀម​គូ​ប្រកួត​របស់​ខ្លួន​បន្តិច ដោយ​សារ​តែ​ត្រូវ​ប្រកួត​បន្ទាប់​ពី Liverpool ​ប្រកួត​រួច​រាល់​នៅ​ចុងសប្តាហ៍​នេះ​។

Man City ដឹង​យ៉ាង​ច្បាស់​ពី​ការ​តព្វ​កិច្ច​របស់​ខ្លួន​សម្រាប់​ការ​ប្រកួត​ដែលនៅ​សល់ ពោល​គឺ​ត្រូវ​តែ​ឈ្នះ​ការ​ប្រកួត​ទាំង​៤លើក​ចុងក្រោយ​នៃក្រ​ប​ខ័ណ្ឌ Premier League ដើម្បីក្លាយ​ជា​ម្ចាស់​ជើង​​​ឯក​ជាលើកទី​៤ ក្នុង​រយៈពេល​៥​លើក​ចុងក្រោយ​។ លោក Guardiola ពោ​រពេញ​ដោយ​ការ​ជឿជាក់​ថា ក្រុម​របស់​លោក​អាច​បំភ្លេច​សំណាង​អាក្រក់​របស់​ពួក​គេ​នៃ​ការ​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ​អឺ​រ៉ុប ប៉ុន្តែ លោក​ក៏​ដឹង​ច្បាស់​ផង​ដែរ ក្រុម​របស់​លោក​មិនអាចធ្វើ​ឲ្យ​មាន​កំហុស​ទៀត​ឡើយ​។ គ្រូបង្វឹក​រូបនេះ​បាន​ឲ្យដឹងថា៖ «យើង​​ត្រូវ​ការ​ពេល​វេលានៅពេលនេះ ១ថ្ងៃ ឬ២​ថ្ងៃ ប៉ុន្តែ យើង​នឹង​រះ​ឡើង​វិញ​»​៕

 

ប្រភព​ព័ត៌មាន៖ Channel news Asia