បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​មីយ៉ាន់​ម៉ា អាយុក្រោម​២៣​ឆ្នាំ បានផ្តួល​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្វីលីពីន ក្នុងលទ្ធ​ផល ៣-២ ក្នុង​ការ​ប្រកួត​​ក្នុង​ពូល A របស់​ពួកគេ​នា​កីឡដ្ឋាន Viet Tri ក្នុងខេត្ត​ Phu Tho ប្រទេស​វៀត​ណាម កាលពី​ថ្ងៃ​អង្គារ ទី​១០ ខែ​ឧសភា ដើម្បី​ឈ្នះកៅអី​ទៅលេង​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣១​។

មីយ៉ាន់​ម៉ា បាន​រក​គ្រាប់​បាល់​បើកឆាក​នៅ​នាទី ទី​២ តាមរយៈ​​ខ្សែ​បម្រើ Win Naing Tun និង​បាន​បន្ត​ដាក់​សម្ពាធ​លើ​គូ​ប្រកួត​របស់​ខ្លួន​​បន្ថែម​ទៀត មុន​នឹង​រក​បាន​គ្រាប់​បាល់​ទី​២ នៅ​នាទី ទី​២០ ប៉ុន្តែ ត្រូវ​បាន​លុប​ចោល​វិញ ដោយ​សារ​តែ​ជា​បាល់ Offside​។​ ក្រោយពីការ​លេង​ស៊ី​សង្វាក់​គ្នា​យ៉ាងល្អ និង​ភាព​រឹង​មាំ​ផ្នែក​រាង​កាយ បាន​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន រក​គ្រាប់​បាល់​តាម​ស្មើ​វិញ តាមរយៈ​កីឡាករ Beic Hervas នៅនាទី ទី​៣៤​។

ប៉ុន្តែ ២នាទីក្រោយមក ហ្វីពីលីពីន បាន​រក​គ្រាប់​បាល់​នាំមុខ​វិញ​ក្នុងលទ្ធ​ផល ២-១ ពី​​បាល់​ប៉េណាល់​ទី ដោយ​សារ​តែ​​ការ​ប្រព្រឹត្តិ​កំហុស​របស់​មីយ៉ាន់​ម៉ា​។ ប៉ុន្តែ មីយ៉ាន់​ម៉ា បាន​វាយ​បក​ដើម្បីផ្តួល​ក្រុម​ជម្រើស​ជាតិហ្វីលីពីន ក្នុងលទ្ធផល ៣-២ តាម​រយៈ​គ្រាប់​បាល់​ទី​​២​ និង​ទី​៣​របស់​ពួកគេនៅនាទី ទី​៥១ និង​ទី​៥៣​។ ក្រោយពី​រក​បាន​៦ពិន្ទុ​​ពីការ​ប្រកួត​២លើក មីយ៉ាន់​ម៉ា កំពុង​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​១​ក្នុងពូល A ដើម្បី​​ឈ្នះកៅអី​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ មុន​នឹង​ពួកគេ​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​វៀ​តណាម ក្នុង​រយៈពេល​២​ថ្ងៃ​ទៀត​៕

 

ប្រភព​ព័ត៌មាន៖ seagames2021