ក្រុម​​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជាអាយុ​ក្រោម​២៣​ឆ្នាំ ដែលទើប​​បាន​បង្កើតការ​ភ្ញាក់​ផ្អើល តាម​រយៈការ​យក​ឈ្នះក្រុម​ជម្រើសជាតិឡាវ ៤-១ កាលពី​ថ្ងៃ​ចន្ទ​នោះ នឹង​​ត្រូវ​​​ធ្វើការ​ប្រកួត​ជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅ​រសៀល​ម៉ោង​៤ ថ្ងៃ​ពុធនេះ ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម នាទី​ក្រុង​ហាណូយ ចំណែក​ប្រតិភូ​កីឡា ចំនួន​៣​ប្រភេទ​ទៀត ទើបតែទៅ​ដល់ប្រទេស​វៀតណាម កាលពី​ថ្ងៃអង្គារ ដើម្បីត្រៀម​​​ប្រកួត ទៅតាម​ជំនាញ​​របស់​ពួកគេ។

សម្រាប់ការ​ប្រកួតជម្រុះ​លើកទី​២ ប្រចាំពូល​B នៅ​ថ្ងៃ​ពុធ​នេះ អ្នកគាំទ្រ​កម្ពុជាភាគ​ច្រើន មានការ​រំពឹង​ថា ក្រុមគោព្រៃ​ជំទង់កម្ពុជា នឹងអាច​​បន្ត​ដណ្តើម​បាន​៣ពិន្ទុ ជា​បន្ត​ទៀត ដើម្បីប្រជែង​យក​លេខ​១​ប្រចាំពូលនេះ ដែលកំពុងគ្រប់គ្រង​ដោយ​ក្រុមជម្រើសជាតិថៃ ហើយ​កម្ពុជា ក៏ត្រូវប្រជែង​ដោយប្រយោលជាមួយ​ក្រុម​មានពិន្ទុ៣ដូចគ្នា គឺ​​​​ម៉ាឡេស៊ី ផងដែរ ព្រោះ​ម៉ាឡេស៊ី ក៏ត្រូវ​​ជួបក្រុមឡាវ នៅយប់ថ្ងៃ​ពុធនេះ​ផងដែរ។

បើធ្វើការ​ប្រៀប​ធៀបពីលទ្ធផល និងការ​ប្រកួតជាក់ស្តែង ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម នេះ ក្រុម​កម្ពុជា អាច​មានភាគ​រយខ្ពស់ជាង​ក្រុមសិង្ហបុរី ដោយ​ហេតុ​ថា កម្ពុជា បាន​យក​ឈ្នះក្រុម​ឡាវ ដល់ ៤-១ ប៉ុន្តែ សិង្ហបុរី បានត្រឹម​ស្មើ ២-២ ជាមួយក្រុម​ឡាវ តែប៉ុណ្ណោះ ហើយ​​ការ​ចាញ់​ក្រុម​ថៃ ៥-០ កាលពី​ថ្ងៃចន្ទ វា​បានបន្ថែម​សម្ពាធ​មួយ​ទៀត ​សម្រាប់​​ក្រុមកំពុង​ឈរ​នៅ​បាត​តារាង​ប្រចាំពូលB មួយនេះ គឺ​ផ្ទុយពី​កម្ពុជា ដែលកំពុង​មាន​កម្លាំង​ចិត្តខ្លាំង ក្នុងការ​ប្រកួតប្រជែង នៅថ្ងៃនេះ។

តែ​ទោះបីជា​យ៉ាងណា អ្នកចាត់ការទូទៅ​ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បាន​ទម្លាយ​ជាសាធារណៈ​ថា ការប្រកួត​ប្រជែង នៅក្នុង​ព្រឹត្តិការណ៍នេះ វាមិន​មែន​ជា​រឿង​ងាយស្រួល​នោះទេ ហេតុនេះ​ការ​ផ្តោតអារម្មណ៍​ ការ​លេងដោយមានទំនុក​ចិត្ត និងឆន្ទៈ ដ៏ពិតប្រាកដ គឺ​ជាអ្វី ដែល​ក្រុមកម្ពុជា ត្រូវ​រក្សា​ឱ្យ​បាន ដើម្បី​ប្រកួតប្រជែង ក្នុងជំនួប លើកទី​២​នេះ។

«ការ​ប្រកួតស៊ីហ្គេម គឺ​មិន​ងាយស្រួល​នោះ​ទេ»។ នេះជា​សារស័ព្ទ​ដ៏​ខ្លី តែ​មាន​ន័យ​ជ្រៅ ដែល​វីរបុរស​បាល់​ទាត់របស់ជប៉ុន លោក Keisuke Honda បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​ខ្លួន បន្ទាប់ពីកម្ពុជា បាន​យក​ឈ្នះក្រុមឡាវ ៤-១ កាលពី​​យប់ថ្ងៃ​ចន្ទ ហើយជាមួយគ្នា​នេះ Honda ក៏បាន​ត្អូញ​ត្អែរ ពីកម្ម​វិធីប្រកួត​​​ដ៏មមាញឹក នៅ​ស៊ីហ្គេម នេះ​ផងដែរ ដោយ​លោក​បាន​​ឱ្យអ្នកគាំ​ទ្រ​កម្ពុជា ធ្វើការ​ទស្សន៍​ទាយ​ផងដែរ​ថា តើ កម្ពុជា នឹងប្រើប្រព័​ន្ធលេង បែបណា ចំពោះការជួប​ក្រុម​សិង្ហបុរី ថ្ងៃនេះ។

យ៉ាងណាក៏​ដោយ ទាំងលោក Keisuke Honda និងគ្រូ​បង្គោល​ជនជាតិជប៉ុន លោក Ryu Hirose  បាន​ដាក់គោលដៅរួចទៅ​ហើយថា នឹង​ព្យាយាម​ដឹកនាំ​ ឱ្យក្រុម​គោព្រៃ​ជំទង់កម្ពុជា អាច​​ឡើងទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជា​ថ្មី​ម្តងទៀត ហើយនេះជា​អ្វី​​ដែល​គ្រូ​បង្វឹក​ជប៉ុន​ទាំង​២​នេះ បានធ្វើការ​បង្វឹកក្រុមកម្ពុជា ទាំង​យប់ នៅក្រោយការ​យក​ឈ្នះ​ក្រុម​ឡាវ កាលពីយប់​ថ្ងៃ​ចន្ទ​នោះ ព្រោះ​ពួកគាត់ ចង់​រៀបចំ​ឱ្យបានរួច​រាល់ សម្រាប់ការ​ជួប​ក្រុម​សិង្ហបុរី នៅថ្ងៃពុធ​នេះ៕