គ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose បាន​បង្ហាញ​ជា​សាធារណៈ​ថា ការ​ទំនាក់ទង​លេង​របស់​ក្រុម​​ជម្រើសជាតិ​កម្ពុជាអាយុ​ក្រោម២៣​ឆ្នាំ គឺ​មិន​ល្អ​ទេ ហើយការ​បញ្ចប់ទី​របស់​ក្រុមនេះ ក៏មិន​ច្បាស់​នោះ​ដែរ ហើយនេះជា​មូល​ហេតុ ដែល​ធ្វើ​ឱ្យ​ពួកគេ បានចាញ់ក្រុម​សិង្ហបុរី ១-០ ដ៏ក្រៀម​ក្រំ កាលពីយប់មិញ។​

គ្រូ​បង្វឹក​ក្រុមជម្រើសជាតិកម្ពុជា លោក Ryu Hirose បាន​ថ្លែង ក្នុង​សន្និសីទ​កាសែត ក្រោយ​ការ​ប្រកួត​ថា៖​ «នេះ ជាការប្រកួតដ៏លំបាកមួយ ដោយ​យើងបាន​ខកខាន​ឱកាសល្អៗ​ជាច្រើន ហើយត្រូវ​ទទួល​​បាន​លទ្ធផល​ដ៏​ក្រៀម​ក្រំ។ ជាមួយគ្នានេះ ​ទំនាក់​ទំនង​គ្នា​រវាងកីឡាករ គឺ​មិន​ល្អ ​ហើយនេះ​​ជាមូ​លហេតុ​ធ្វើឱ្យ​ការទាត់បញ្ចូលទីមិនសូវល្អ រីឯ​ការបញ្ចូនបាល់ ក៏មិន​ល្អ​ដូច​គ្នា ហេតុ​នេះ​ យើងនឹងធ្វើការកែតម្រូវ»។

សម្រាប់​ការ​ប្រកួត កាលពី​ថ្ងៃពុធ​ម្សិលមិញនេះ ក្រុមកម្ពុជា បាន​​ធ្វើការ​វាយ​លុក ទៅ​លើ​ក្រុម​សិង្ហបុរី ភ្លាមៗ ព្រោះ​ពួកគេ​ចង់​រក​គ្រាប់បាល់ឱ្យបានលឿន ដូច​ដែល​បានយក​ឈ្នះក្រុម​ឡាវ ៤-១ កាលពីថ្ងៃ​ចន្ទ ហើយនៅ​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធជា​ប្រធានក្រុម សៀង ចន្ធា បាន​បង្កើត​មាស​មុន​គេ ដោយ​រូបគេ បាន​​អូស​បាល់រំលង​ការពារ​ទាំង​៣​នាក់​របស់​សិង្ហបុរី យ៉ាង​ល្អបំផុត ​ប៉ុន្តែ ចន្ទា មិនអាច​ឆ្កឹះ​​បាល់​យ៉ាងកៀក​នោះ ផុត​ពីការ​ចេញ​មកសង្រ្គោះ​របស់អ្នកចាំទី​ក្រុមសិង្ហបុរី Zaiful បាននោះទេ។

ជាមួយគ្នា​នេះ តាមរយៈការ​វាយ​លុក​ជា​បន្ត​បន្ទាប់​នោះ កម្ពុជា បាន​បង្កើតឱកាស​ជា​ច្រើន​ទៀត ប៉ុន្តែ​ពួកគេ នៅតែ​មិនអាច​រក​បា​ន​គ្រាប់បាល់ ហើយ​អ្វី​ដែលគួរ​ឱ្យ​ស្តាយបំផុត​នោះ គឺ​ការ​ស៊ុត​ទៅប៉ះ​បង្គោល​របស់ ញាណ សុស៊ីដាន ព្រមទាំងការ​តែតទៅប៉ះបង្គោលទី​របស់ ជួន ចាន់ចាវ និងការ​ស៊ុតទៅប៉ះបង្គោលទី​របស់​ខ្សែ​ប្រយុទ្ធ គី រីណា ហើយការ​គ្មានសំណាង​នេះ បាន​ធ្វើ​ឱ្យកម្ពុជា ចាញ់​ក្រុម​សិង្ហបុរី ១-០ យ៉ាង​ក្រៀម​ក្រំ ដែល​គ្រាប់បាល់ជ័យជម្នះនេះ បាន​កើតមាន​ឡើង តាំងពីនាទីទី២៦ តាម​រយៈការ​តែត​បញ្ចូលទី​របស់​ខ្សែ​ប្រយុទ្ធពាក់លេខ​១០ Saifullanh។

ទន្ទឹង​នឹងនេះ លោក Ryu Hirose ក៏បាន​ទទួល​ស្គាល់​ថា កម្ពុជា គ្មានសំណាង ក្នុងការ​រកបាន​គ្រាប់បាល់ ផងដែរ។ គ្រូ​បង្វឹកជនជាតិ​ជប៉ុន​រូបនេះ ​បានបញ្ជាក់ថា៖​ «យើងមិន​មាន​សំណាង ក្នុង​ការបញ្ចប់ទី ដែលបញ្ហា វា​បាន​​​ធ្វើ​ឱ្យ​​ប៉ះពាល់ដល់អារម្មណ៍របស់កីឡាករ ហើយ​ខ្ញុំ​សង្ឃឹម​ថា កីឡាករ​នឹង​មាន​ភាព​ចាស់ទុំ​ជាង​មុន»។

ដោយឡែក លោក Nazri Nasir គ្រូបង្វឹកក្រុម​សិង្ហបុរី ក៏បាន​ទទួល​ស្គាល់​ថា ​ក្រុម​របស់លោក មានសំណាង​ជាង​ក្រុមកម្ពុជា ផងដែរ ចំពោះ​ជ័យជម្នះ ១-០ នេះ។ លោកបាននិយាយថា៖ «យើងមិនចុះចាញ់ទេ យើងរាងមានសំណាងបន្តិច។ យើងបាន​ផ្តោត​អារម្មណ៍រ​យៈពេល ៩០នាទី ធ្វើ​តាម​បច្ចេកទេស គឺ​យើងរៀន​លេង​ឱ្យ​បាន​កាន់តែ​ល្អ និង​​ឆ្លៀត​បង្កើតបាន​ឱកាសល្អៗ ហេតុ​នេះ​យើងស័ក្តិសមនឹងឈ្នះ»៕