បរទេស៖ ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វៀត​​ណាម​អាយុក្រោម​២៣​ឆ្នាំ បាន​កត់ត្រា​ជ័យ​ជម្នះក្នុងលទ្ធ​ផល ២-០ លើ​ក្រុម​ជម្រើស​ជាតិ​ទីម័រ ក្នុងការ​ប្រកួត​ចុងក្រោយ​នៃ​ពូល A របស់​ពួក​គេ នា​កីឡដ្ឋាន Viet Tri ក្នុង​ខេត្ត​ Phu Tho កាល​ពីថ្ងៃ​អាទិត្យ ទី​១៥ ខែឧសភា ក​ន្លង​ទៅ ដើម្បី​កក់កៅអី​​របស់​ពួក​គេ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១​។

ក្នុង​ការ​ប្រកួត​នេះ លោក​គ្រូបង្វឹក Park Hang-seo បាន​ផ្តល់​ឱកាស​ដល់​កីឡាករ​វ័យ​ក្មេង​ជាច្រើន ដូច​ជា​ខ្សែ​ការ​ពារ​កណ្តាល Duy Cuong ខ្សែ​បម្រើ Trong Long និង Cong Den រួម​ជា​មួយនឹង​ខ្សែ​ប្រយុទ្ធ Thanh Minh និង Van Tung ស្រប​ពេល​ដែល​កីឡាករ​សំខាន់​ៗ​ជាច្រើន ស្ថិត​ជា​កីឡាករ​បម្រុង​។ បើ​ទោះ​បី​គ្រប់គ្រង​ការ​ប្រកួតនេះ​ក៏ដោយ ប៉ុន្តែ វៀត​ណាម បាន​ជួប​ការ​លំបាក​ក្នុងការរក​គ្រាប់បាល់​បញ្ចូល​ទី​នៅ​តង់ទី​១ ដែល​បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ ០-០​។

ក្នុង​តង់ទី​២ កីឡាករ Le Van Xuan បានបញ្ជូន​បាល់​ទៅ​ឲ្យ Van Tung ដើម្បី​រក​គ្រាប់បាល់​បើក​ឆាក​សម្រាប់​វៀតណាម នៅ​នាទី ទី​៥២ នៅ​មុន​ពេល Ho Thanh Minh បាន​តែត​បាល់​បញ្ចូលទី​យ៉ាងល្អ ក្នុង​រយៈពេល​១១នាទី​ក្រោយ​មក ដើម្បី​ជួយ​ឲ្យ​វៀតណាម ទទួល​ជ័យ​ជម្នះក្នុងលទ្ធ​ផល ២-០​។ វៀត​ណាម បញ្ចប់​ការ​ប្រកួត​ពូល A ដោយ​នាំមុខ​លើ​កំពូល​តារាង មាន​១០ពិន្ទុ ហើយ​ឥណ្ឌូនេស៊ី ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​២ ក្រោយពីផ្តួល​ក្រុមមីយ៉ាន់​ម៉ា ក្នុងលទ្ធ​ផល ៣-១​។ ការ​ប្រកួត​វគ្គ​ពាក់​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​១៩ ខែ​ឧសភា ខាងមុខ​នេះ​៕

 

ប្រភព​ព័ត៌​មាន៖ seagame2021