បរទេស៖ លោក Jurgen Klopp បានជំរុញឲ្យក្រុម Liverpool បញ្ចេញឲ្យអស់ពីសមត្ថភាព១លើកចុងក្រោយសម្រាប់ការប្រជែងដណ្តើមពាន៤ ក្រោយពីពួកគេបានផ្តួលក្រុម Chelsea ដោយការស៊ុតបាល់ប៉េណាល់ទី ក្នុងការប្រកួតពាន FA Cup វគ្គផ្តាច់ព្រ័ត្រ ដើម្បីរក្សាក្តីសង្ឃឹមនៃការប្រជែងពាន៤ជាប្រវត្តិសាស្ត្រក្នុងរដូវកាលតែមួយ។
ក្រុមរបស់លោក Klopp បានទទួលជ័យជម្នះដោយការស៊ុតបាល់ទីកាត់សេចក្តី ក្នុងលទ្ធផល ៦-៥ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ បន្ទាប់នាទីបន្ថែម១៥នាទី២ដង នាកីឡដ្ឋាន Wembley កាលពីថ្ងៃសៅរ៍។ ក្រោយពីបានផ្តួលក្រុមតោខៀវ Chelsea ដោយការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីក្នុងការប្រកួតពាន League Cup វគ្គផ្តាច់ព្រ័ត្រ កាលពីខែកុម្ភៈ ស្របពេលដែល Liverpool នៅតែស្ថិតលើផ្លូវដើម្បីក្លាយជាក្រុមអង់គ្លេសដំបូងគេដើម្បីឈ្នះរាល់ពានធំៗទាំង៤ ក្នុងរដូវកាលតែមួយ។ Liverpool នឹងត្រូវប៉ះជាមួយនឹងក្រុម Real Madrid ក្នុងក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រ ក្នុងទីក្រុងប៉ារីស នៅថ្ងៃទី២៨ ខែឧសភា ហើយនៅតែមានឱកាសដ៏ស្តួចស្តើងក្នុងការតាមទាន់ក្រុម Manchester City នៅលើកំពូលតារាង Premier League។
Liverpool នឹងវិលទៅកាន់ការប្រកួតវិញលើទឹកដីក្រុម Southampton នៅថ្ងៃអង្គារ ហើយលោក Klopp ចង់ឲ្យក្រុមរបស់លោកបង្កើតការខិតខំជាលើកចុងក្រោយ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «វាពិតជារឿងដ៏អស្ចារ្យណាស់ដែលយើងអាចនិយាយពីការប្រជែងពាន៤បានហើយ។ វាពិតជារឿងដ៏រំភើប»៕
ប្រភពព័ត៌មាន៖ Channel News Asia