បរទេស៖ ក្រុម​បាល់ទះលើ​ក្តារ​ជម្រើស​ជាតិកម្ពុជា បានឈាន​ទៅ​វគ្គ​ពាក់កណ្តាលផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជាលើក​ដំបូង ​បើ​គិត​ចាប់​តាំងពី​ឆ្នាំ​១៩៨៣ ក្រោយពី​ក្រុម​ជម្រើស​ជាតិ​ថៃ បានយកឈ្នះ​លើ​ក្រុម​ហ្វីលីពីន ក្នុង​ការ​ប្រកួត​ពូល B កាលពីថ្ងៃ​ចន្ទ ទី​១៦ ខែ​ឧសភា​។

ក្រុម​កម្ពុជា មាន​ភាព​ច្បាស់​លាស់​ក្នុង​ការ​ទៅ​វគ្គ​បន្តនេះ ដោយ​សារ​តែ​ក្រុម​ម្ចាស់​ជើង​ឯក​៨​សម័យ​កាល​ថៃ បានយកឈ្នះ​លើ​ម្ចាស់​មេដាយប្រាក់ ហ្វីលីពីន ក្នុងលទ្ធ​ផល ៣សិត ទល់នឹង ០ (២៥-២០, ២៩-២៧ និង ២៥-២២) ដើម្បី​ទម្លាក់​ហ្វី​លីពីន ចេញពីក្នុង​ពូល ដែលមាន​តែ​៣ក្រុម​។ កម្ពុជា បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ស្ថិតលើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​ប្រកួត​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ នាព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ជាលើក​ដំបូង ក្នុង​រយៈពេល​៣៩ឆ្នាំ ក្រោយពី​បានយកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ក្នុង​លទ្ធ​ផល ៣សិត ទល់នឹង១ កាលពីថ្ងៃសៅរ៍ ទី​១៤ ខែ​ឧសភា​។

ហេតុនេះ ជ័យ​ជម្នះ​កាលពីថ្ងៃ​ចន្ទ​របស់​គូ​ប្រកួត​ខ្លួន​ មានន័យ​ថា ក្រុម​ជម្រើស​ជាតិកម្ពុជា និង​ថៃ នឹង​ត្រូវ​ប៉ះ​គ្នានៅ​ថ្ងៃ​ពុធ ទី​១៨ ខែ​ឧសភា ដើម្បី​កាត់​សេចក្តី​ក្រុម​​ដែលត្រូវ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ និងលេខ២ ក្នុងពូល B​​។ លទ្ធផល​កាលពីថ្ងៃចន្ទ ក៏​បាន​ជួយ​ឲ្យ​ថៃ បំពេញ​ការ​សង​សឹក​របស់​ខ្លួន​លើ​ហ្វីលីពីន ផងដែរ ក្រោយពី​ចាញ់​ក្រុម​​ហ្វីលីពីន ៣-២ ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេម កាលពីឆ្នាំ​២០១៩​៕