ក្រុមជម្រើសជាតិ​កីឡាវ៉ូវីណាមកម្ពុជា ​បាន​បង្ហាញ​ឱ្យ​យ៉ាងច្បាស់ថា ពួកគេ នៅតែ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់ ក្នុងការ​ដណ្តើម​បាន​ទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូន​ប្រទេស​ជាតិ បើបើពីជា​ប្រភេទ​កីឡា​នេះ មិនត្រូវបាន​ដាក់​ឱ្យ​ចូល​រួម ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម ចំនួន​៣លើក កន្លងមក​ក៏។

តាមកំណត់ត្រា​ដ៏ជោគជ័យរបស់​ក្រុម​ជម្រើសជាតិវ៉ូវីណាម​កម្ពុជា គឺពួកគេ ដណ្តើម​បាន​មេដាយមាស​២ ប្រាក់​១ និង​សំរឹទ្ធ​៧ សម្រាប់ការ​បង្ហាញ​ខ្លួន ជាលើក​ដំបូង ក្នុង​ការ​ប្រកួត​ស៊ីហ្គេម នៅ​​មីយ៉ាន់ម៉ា កាលពីឆ្នាំ​២០១៣ ប៉ុន្តែ​សម្រាប់ស៊ីហ្គេម នៅសិង្ហបុរី កាល​ឆ្នាំ​២០១៥ ស៊ីហ្គេម កាលឆ្នាំ​២០១៧ នៅ​​ម៉ាឡេស៊ី និងស៊ីហ្គេម កាលពី​ឆ្នាំ​២០១៩ នៅ​ហ្វីលីពីន គឺ​ប្រភេទ​កីឡា​វ៉ូវីណាម មិនត្រូវបានដាក់​ឱ្យចូល​រួមប្រកួត​នោះទេ។

តែទោះបីជា​យ៉ាងណា សម្រាប់ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១​ ដែលកំពុង​ធ្វើ នៅទី​ក្រុង​ហាណូយ ប្រទេស​វៀតណាម គឺ​ក្រុម​វ៉ូវីណាមកម្ពុជា នៅតែ​អាច​បង្កើតបាន​ភាព​ខ្លាំង ខណៈ​ពួកគេ អាច​ដណ្តើម​បានមេដាយមាស​១ ប្រាក់​១ និងសំរឹទ្ធ សម្រាប់ការ​ប្រកួត​ប្រជែង​ថ្ងៃទី​១​របស់ពួកគេ កាលពីថ្ងៃពុធ។

តាម​រយៈការ​ប្រកួត​សម្តែង​ជា​ក្រុម (នារី១ បុរស៣ មានអាវុធ) កាលពី​ម្សិលមិញនេះ កីឡាការិនី ប៉ាល់ ឆរស្មី រួមទាំង​កីឡាករ លី បូរ៉ាមី, ជ្រិន ប៊ុនឡុង និង​ ប្រាក់ សុវណ្ណនី បាន​បង្ហាញ​បច្ចេកទេស​សម្តែង បាន​យ៉ាងល្អ និង​ទទួលបានមេដាយមាស ដោយពួកគេ ធ្វើ​បាន​ពិន្ទុ​សរុប​ខ្ពស់ជាងគេ គឺ​​២៦៩ ខណៈ​​ក្រុម​ម្ចាស់ផ្ទះ​វៀតណាម ធ្វើបាន ២៦៤​ពិន្ទុ ឥណ្ឌូនេស៊ី បាន​២៥៧ពិន្ទុ ឡាវ បាន​២៥៤​ពិន្ទុ មីយ៉ាន់ម៉ា បាន​២៥២ពិន្ទុ និង​ក្រុម​ថៃ បាន​ត្រឹម​២៥១​ពិន្ទុ ដែល​ឈរ​នៅលេខ​​៦ ក្រោយ​គេ។

សម្រាប់ការ​ឈ្នះមេដាយមាស នៅថ្ងៃបើកឆាកនេះ វាបាន​​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុមវ៉ូវីណាមកម្ពុជា នៅតែ​មានសមត្ថភាពខ្ពស់ជាងគេ ក្នុងការ​ប្រកួតសម្តែងជា​ក្រុម​នេះ  ព្រោះការ​ប្រកួតស៊ីហ្គេម ឆ្នាំ២០១៣ ​ កីឡាការិនី ប៉ាល់ ឆរស្មី ,លី បូរ៉ាមី, ប្រាក់ សុវណ្ណនី និងកីឡាករ សាន សុជាតិ ក៏បានរួមគ្នា ដើម្បី​ឈ្នះ​បាន​មេដាយមាស​ លើ​វិញ្ញាសា​នេះដូច​គ្នា។

ជាមួយគ្នានេះ កីឡាការិនី សុខ សុភី សុភី ដែល​បានយក​ឈ្នះ​លើកីឡាការិនី​របស់​ហ្វីលីពីន ដោយពិន្ទុ ៧-៦ នៅវគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះ អាច​ដណ្តើមបានត្រឹម​​មេដាយ​ប្រាក់ នៅ​ក្នុង​​ប្រកួត​​​ទម្ងន់​៥៥​គីឡូក្រាម ​របស់នាងផងដែរ បន្ទាប់​ពី​កីឡាការិនី​​របស់​កម្ពុជា​​រូបនេះ បានចាញ់កីឡាការិនីរបស់ម្ចាស់ផ្ទះ​វៀតណាម ដោយពិន្ទុដាច់ ១០-០ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ។

ចំណែក​​កីឡាការិនី ប៉ាល់ ឆរស្មី និងកីឡាការិនី ពៅ សុខា ដែលប្រកួតលើ​វិញ្ញាសា សម្តែង​​​ការពារ​ខ្លួនអាវុធ នោះ បានទទួល​ត្រឹម​មេដាយសំរឹទ្ធ ហើយនៅថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​អត្តពលិក​វ៉ូវីណាម​កម្ពុជា នឹងធ្វើការ​ប្រកួត នៅលើប្រភេទ​វិញ្ញាសា​ជាច្រើនទៀត ដើម្បី​បន្ត​ស្វែង​​រក​មេដាយ​ជូនកម្ពុជាបន្ថែម​ទៀត៕