​ក្រុមជម្រើសជាតិប៉េតង់កម្ពុជា ​បាន​ប្រើការ​ប្រកួតថ្ងៃចុងក្រោយ ​របស់ពួកគេ នៅ​ស៊ីហ្គេម ប្រទេសវៀតណាម កាលពី​ម្សិលមិញ ក្នុងការ​ដណ្តើម​បាន​មេដាយមាស១ និង​មេដាយ​ប្រាក់ចំនួន​១ ដើម្បី​ក្លាយជា​ប្រភេទ​កីឡា ដែលកំពុង​ឈាន​មុខ​គេ ក្នុង​ការ​ដណ្តើម​បានមេដាយមាសជូន​កម្ពុជា។

តាម​រយៈការ​ប្រកួត កាលពី​ថ្ងៃព្រហស្បតិ៍ ម្សិលមិញ សម្រាប់វិញ្ញាសា​ប្រកួត​ជាក្រុម (៣នាក់ទល់​៣នាក់) គឺក្រុម​ប៉េតង់​កម្ពុជា ទាំង​ផ្នែកបុរស និងនារី សុទ្ធតែ​បាន​ទទួល​ជ័យ​ជម្នះ នៅក្នុង​ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយក្នុង​នោះ ក្រុម​នារី បាន​យក​ឈ្នះ​ក្រុមឡាវ ១៣-១០ រីឯ​ក្រុម​បុរស បានទម្លាក់​ក្រុមម៉ាឡេស៊ី ដើម្បី​ឡើងទៅវគ្គ​ផ្តាច់ព្រ័ត្រ ទាំង​២​ក្រុម។

យ៉ាងណាមិញ សម្រាប់ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយក្រុមនារី​វៀតណាម កីឡា​ការិនី អ៊ុន ស្រីយ៉ា, ស៊្រាង សុរ៉ាឃីម, ឃួន យ៉ារី និង​កីឡាការិនី ដួង ឌីណា (បម្រុង​១នាក់) អាច​សហការគ្នា​លេង បាន​​ធ្វើយ៉ាង​ល្អ។ បើទោះបីជា​ពួកគេ ធ្លាប់ចាញ់ក្រុមម្ចាស់​ផ្ទះនេះ ១៣-៨ ក្នុងវគ្គជម្រុះក្នុងពូល ប៉ុន្តែ ​អ៊ុន ស្រីយ៉ា, ឃួន យ៉ារី និង​កីឡាការិនី ដួង ឌីណា បែរ​ជាអាច​កែប្រែស្ថានភាព ពីការ​ចាញ់ប្រៀប ៧-៥ ទៅជា​ឈ្នះ ដោយ​លទ្ធផល​​ផ្លូវការ ១៣-១១ ដើម្បី​ឈ្នះ​បាន​មេដាយ​មាស យ៉ាងរំភើបបំផុត ហើយនេះ​ក៏ជាការការពារ​តំណែង​លេខ​១​របស់​ពួកគេ បាន​សម្រេច សម្រាប់ការ​ឈ្នះមេដាយមាស លើ​វិញ្ញាសា​នេះ កាលស៊ីហ្គេម ឆ្នាំ​២០១៩ ផងដែរ។

ផ្ទុយពីនេះ កីឡាករកម្ពុជា ញ៉ែម បូរ៉ា, ហេង ថន, សៀង វណ្ណា, ឃួន លីហ៊រ (បម្រុង​ម្នាក់) បាន​ប្រកួតចាញ់ក្រុម​ថៃ ជាមួយ​ពិន្ទុរហូត​ដល់​ ១៣-១ នៅវគ្គ​ផ្តាច់ព្រ័ត្រ បើ​ទោះបីជា​ក្រុម​​ថៃ​​នេះ ពួកគេ ធ្លាប់​ឈ្នះ ​១៣-៤ នៅវគ្គជម្រុះវិលជុំក៏​ដោយ ហើយ​លទ្ធផលនេះ បាន​ធ្វើ​ឱ្យ​ពួកគេ ទទួល​បាន​មេដាយ​​ប្រាក់។

 

យ៉ាងណាក៏ដោយ ការ​បញ្ចប់បេសកកម្ម ជាមួយការ​ឈ្នះមេដាយ​មាស​សរុប​ចំនួន​​២ ប្រាក់​២ និងសំរឹទ្ធ៣ នៅ​ក្នុងការ​ប្រកួតស៊ីហ្គេម លើកនេះ បាន​ក្លាយជា​លទ្ធផលដ៏ល្អបំផុត សម្រាប់ក្រុម​ប៉េតង់កម្ពុជា ព្រោះការ​ស៊ីហ្គេម ចុងក្រោយ នៅ​ហ្វីលីពីន ឆ្នាំ​២០១៩ ពួកគេ ដណ្តើម​បាន​ត្រឹមមេដាយមាស​១ និងប្រាក់​១​ទេ។

បន្ថែម​លើនេះ ការ​ឈ្នះបាន​មេដាយមាស​២ ប្រាក់​២ និងសំរឹទ្ធ​ចំនួន​៣​នេះ បាន​បង្ហាញ​ថា ក្រុមប៉េតង់កម្ពុជា បានកំពុង​នាំមុខ​គេ ក្នុ​ងការ​ឈ្នះបានមេដាយមាស​ច្រើនជាង​គេ ឱ្យកម្ពុជា ព្រោះគិតត្រឹម​ពេលនេះ ក្រុមចំបាប់ តេក្វាន់ដូ (WT) វ៉ូវីណាម និង​ប្រដាល់​ឃីក​បុកស៊ីង ដណ្តើម​ជូនកម្ពុជា ត្រឹមម្នាក់១ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យកម្ពុជា ពេល​នេះ ឈ្នះបាន​មេដាយ​​មាស ៦ ប្រាក់​៩ និងសំរឹទ្ធ​២៥៕