ក្រុម​ជម្រើសជាតិចំបាប់កម្ពុជា បានបញ្ចប់ការ​ប្រកួតស៊ីហ្គេម លើកទី​៣១ ឆ្នាំ​២០២១ នៅទីក្រុងហាណូយ ប្រទេស​វៀតណាម កាលពី​ម្សិលមិញ ហើយ​ក៏ជាពេល ដែល​ពួកគេ ដណ្តើម​បានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធសរុបចំនួន​៤ ជូន​ដល់ប្រទេស​កម្ពុជា សម្រាប់ការ​បំពេញ​បេសកកម្ម លើក​នេះ​ផងដែរ។

សម្រាប់មេដាយមាស១ ដែលអត្តពលិកជម្រើសជាតិកម្ពុជាចំបាប់ ដណ្តើមបាន​នេះ គឺ​រកបាន​ដោយ​ កីឡាករ​កូនកាត់ខ្មែរ-អ៊ីរ៉ង់ ស៊ូ បាលី បន្ទាប់ពីកីឡាករចំបាប់សេរី ទម្ងន់​១២៥​​គីឡូក្រាម រូបនេះ បាន​​យក​​ឈ្នះ​​លើ​កីឡាករ​របស់​វៀតណាម ដោយ​ពិន្ទុ​ដាច់ ១០-០ និង​បាន​បន្ត​​ឈ្នះកីឡាករ​ឡាវ ដោយ​ពិន្ទុដាច់ ១០-០ ដូចគ្នា នៅក្នុងការ​ប្រកួត​ជម្រុះវិលជុំ ទាំង​២​លើក​​របស់​ខ្លួន​នោះ។

ចំណែក​មេដាយ​ប្រាក់ រកបាន​ដោយ​កីឡាករ​កូនកាត់ខ្មែរ-អ៊ីរ៉ង់  ម៉ូ សារី ក្នុងការ​​​ប្រកួត​ក្នុង​ទម្ងន់​​៩៧​គីឡូក្រាម។ ម៉ូ សារី បាន​ចាញ់កីឡាករ​វៀតណាម នៅវគ្គជម្រុះ​ដំបូង ប៉ុន្តែ​គេ​បាន​យក​ឈ្នះ​កីឡាករ​របស់ហ្វីលីពីន ដោយពិន្ទុ ១០-០ ទើប​ដណ្តើម​បានមេដាយប្រាក់នេះ។ រីឯ​កីឡាការិនី ឌិត សំណាង ​កីឡាការិនី ជា កញ្ញា ​​​កីឡាករ សឿន សុភាស់ និង ហេង វុទ្ធី​ ដណ្តើម​បាន​​មេដាយ​សំរឹទ្ធ ទៅតាមប្រភេទទម្ងន់រៀងៗ ប៉ុន្តែ​កីឡាករ ឌន សៅ, កែវ សុភ័ក្រ្ត, អេង សេងលាង, ងួន មករា, យុន ប៊ុនណា, ជុន ធួន, អុល សៅហ៊ាង ព្រមទាំង​កីឡាការិនី សឿន នឿន និង សម្បត្តិ វណ្ណៈ មិនដណ្តើមបានមេដាយ​ទេ។

បើទោះបីជា​ការ​ឈ្នះ​បានមេដាយមាស១ ប្រាក់​១ និងសំរឹទ្ធ​៤ នេះ វាមាន​ចំនួន​តិច បើ​ប្រៀប​ធៀប​ទៅនឹងការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០១៣ ដែល​ក្រុមចំបាប់ ដណ្តើម​បាន​មេដាយ​មាស​ដល់៤ ប្រាក់២ និងសំរឹទ្ធចំនួន​៤ ប៉ុន្តែ​ លោក Casey Barnett អនុប្រធានសហព័ន្ធ​កីឡា​ចំបាប់កម្ពុជា ​បានកើតសរសើរពីការ​ប្រឹង​ប្រែង​ទៅ​ដល់​ក្រុមអត្តពលិកទាំង​នេះ ដែលបានតស៊ូ ហ្វឹកហាត់ និងជម្នះការ​លំបាក​ជា​ច្រើន ទម្រាំ​អាច​ដណ្តើម​បានមេដាយទាំង​៣​ប្រភេទ​ជូនជាតិ នៅ​ពេល​នេះ។

ប្រធាន​ប្រតិភូ​ដឹកនាំ​ក្រុមជម្រើសជាតិកម្ពុជា លោក Casey Barnett ​បានថ្លែង​​ក្រោយ​ការ​ប្រកួត បានបញ្ចប់ កាលពី​ថ្ងៃល្ងាច​ម្សិលមិញ​នោះ​ថា៖​​ «តាម​រយៈ​ការ​ប្រកួត​ចំនួន​​៣​យើង​ដណ្តើម​បាន​មេដាយមាស​១ ប្រាក់​១ និងសំរឹទ្ធ​៤ ​គឺ​ជាលទ្ធផល​នេះ ដែល​សប្បាយ​រីក​រាយ និងទទួល​យក»។

នាយក​វិទ្យាស្ថានខេមអេដ រូបនេះ បានបន្ថែម​ថា៖​ «​​ការ​ឈ្នះបានមេដាយ នៅពេល​នេះ វា​​កើតចេញពីការ​ខិតខំប្រឹងប្រែង​តស៊ូ​របស់ក្រុមអត្តពលិក​យើង ដោយ​​ពួកគេ បាន​​​ហ្វឹកហាត់នៅ​ក្នុង​​របត់​កូវីដ​១៩ គឺ​ការ​បិទខ្ទប់​ហ្វឹក​ហាត់ នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលមិនបានជួបជុំ​គ្រួសារ ប្រពន្ធ កូន​ នោះ​ទេ គឺ​ពួកគាត់បាន​ទ្រាំ​តស៊ូ និង​ជម្នះ​រាល់​ការ​​លំបាក ដើម្បី​ដណ្តើម​យកមេដាយ​ជូន​ដល់​​ប្រទេស​ជាតិ ហេតុនេះ​​ខ្ញុំ​ពិតជាកោតសរសើរ និងមាន​ការ​​រីក​រាយណាស់ សម្រាប់លទ្ធផល ការ​ឈ្នះ​មេដាយ នៅពេលនេះ»៕