បរទេស៖ ទី​បំផុត Kylian Mbappe បាន​និយាយ​​កាលពីថ្ងៃ​​អាទិត្យ​ថា រូប​គេ​ជឿជាក់​ថា រូប​​គេ នឹង «រក្សា​ការ​អភិវឌ្ឍ​ជានិច្ច» ក្នុង​នាម​ជា​កីឡាករ​ម្នាក់ ក្រោយពី​បាន​ជ្រើស​រើស​​បន្ត​កិច្ច​សន្យា​​ថ្មី​រហូត​ដល់​ឆ្នាំ​២០២៥ នៅ​ក្លិប Paris Saint-Germain និង​មិន​ផ្ទេរ​ទៅកាន់​ក្លិប Real Madrid​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​​បារាំង​រូបនេះ បាន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បីពន្យល់​​ពីការ​សម្រេច​ចិត្ត​របស់​គេ​។ ក្នុង​ការ​បង្ហោះ​សារ​ដ៏​វែង​អន្លាយ​មួយនៅលើ​បណ្តាញ​សង្គម  Twitter តា​រាឆ្នើម Mbappe វ័យ​២៣ឆ្នាំ ក៏​បាន​បញ្ជាក់ផ​ងដែរ​ថា រូប​គេ​នឹង​​គាំទ្រ​ក្រុម​យក្ស​អេ​ស្ប៉ាញ Real ក្នុង​ពេល​ប្រកួត​ជាមួយនឹងក្រុម Liverpool ក្នុងក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ នា​សប្តាហ៍​ក្រោយ​ ក្នុងទីក្រុង​ប៉ា​រីស​។

ក្រោយពី​យល់​ព្រម​ចុះ​កិច្ច​សន្យា​រយៈពេល​៣​ឆ្នាំ​ជាមួយនឹងក្រុម​ម្ចាស់​​ជើង​ឯក​បារាំង ដើម្បី​បញ្ចប់​ភាព​មិនច្បាស់​ជុំ​វិញ​អនា​គត​របស់​គេ Mbappe បាន​សរសេរ​ថា៖ «ខ្ញុំ​ជឿជាក់​ថា នៅ​ទីនេះ ខ្ញុំ​អាច​រក្សា​ការ​អភិវឌ្ឍ​នៅក្លិប​មួយ ដែល​មាន​គោល​ដៅ​ឈានទៅកាន់​កម្រិត​កំពូល​ថ្មី​ៗ​​»​។ កីឡាករ​រូបណេះ បាន​បន្ថែម​ទៀត​ថា៖ «វា​ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់ ក្នុងការ​បន្ត​នៅ​​ប្រទេស​បារាំង ដែល​ជា​ប្រទេស​​កំណើត​របស់​ខ្ញុំ ជា​កន្លែង​ដែលខ្ញុំ​ចម្រើន​វ័យ និង​អភិវឌ្ឍ​ក្នុងនាម​ជា​កីឡាករ​បាល់ទាត់​ម្នាក់ និង​ជាកន្លែង​ដែលខ្ញុំ​មាន​ឱកាស​ក្នុងការ​សម្រេច​ក្តី​សុបិន​របស់​ខ្ញុំ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia