បរទេស៖ អ្នក​គាំទ្រ​ជាច្រើន​ពាន់នាក់ បាន​តម្រៀប​ជួរ​គ្នា​នៅ​តាម​ដង​វិថី​នានា នៅពេល​ដែល​ក្រុម Liverpool បាន​វិលត្រឡប់​ទៅ​ផ្ទះ​វិញ ជា​មួយ​នឹង​ក្បួន​ដង្ហែរ​រថយន្តក្រុង​គ្មាន​ដំបូល កាលពីថ្ងៃ​អាទិត្យ ដែល​បាន​កើត​​ឡើង ស្រប​ពេល​ដែលមាន​ការ​រំជួល​ចិត្ត​ផ្ទុយ​គ្នា​។

ការ​ឈ្នះ​ទាំង​ពាន League Cup និង FA Cup ក្នុង​រដូវ​កាល​តែ​មួយ ក្រោយពី​ក្រុម Liverpool បាន​យកឈ្នះ​​លើ​ក្រុម Chelsea ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នា​កីឡដ្ឋាន Wembley ទាំង​២លើក គឺ​ជា​ហេតុ​ផល​​ដែល​សម​នឹង​ទទួល​​បាន​ការ​អប​អរ​សម្រាប់​ក្លិប​ភាគ​ច្រើន​។ ប៉ុន្តែ ពាន​២​ដែលពួក​គេ​ចង់​បាន ពោល​គឺ​ពានក្រប​ខ័ណ្ឌ Premier League និង Champions League បែរ​ជា​របូត​ចេញពី​ដៃ​របស់​ពួកគេ ដ៏គួរ​ឲ្យ​សោក​ស្តាយ​ទៅវិញ​។

ខ្សែ​បម្រើ​ស្លាប Vinicius Junior បាន​ស៊ុត​បាល់​បញ្ចូល​ទី​​កាត់​សេចក្តី​ក្នុង​ការ​ប្រកួត ខណៈ​ដែល​ក្រុម Real Madrid បានផ្តួល​ក្រុម Liverpool ក្នុង​លទ្ធផល ១-០ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាលពីថ្ងៃ​សៅរ៍ ក្នុង​ទីក្រុង​ប៉ា​រីស ដើម្បីក្លាយ​ជា​ស្តេច​​ប្រចាំ​ទ្វីប​អឺ​រ៉ុប ជាលើក​ទី​១៤​។ ការ​ប្រកួត​នេះ ក៏​​ត្រូវ​បាន​រំខាន​ដោយ​សារ​តែ​បញ្ហា​នានា​នៅ​ខាង​ក្រៅ​ទីលាន​ប្រកួតផង​ដែរ ដែល​នាំ​ឲ្យ​មាន​ការ​ពន្យា​រពេល​ការ​ប្រកួត​រហូត​ដល់​ទៅ​កន្លះ​ម៉ោង​។ លោក Jurgen Klopp គ្រូបង្វឹក​នៃក្រុម Liverpool បាន​ឲ្យដឹងថា៖ «កីឡាករ​បាន​លេង​យ៉ាងល្អ​នៅ​រដូវកាល​នេះ​។ យុទ្ធ​នាការ​២​ដែលយើង​មិនអាច​ឈ្នះ យើង​បាន​ខក​ខាន​តែ​បន្តិច​ប៉ុណ្ណោះ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia