បរទេស៖ ខ្សែ​ប្រយុទ្ធ Darwin Nunez នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អង់គ្លេស នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​​ពិនិត្យ​សុខភាព ក្រោយពីក្រុម Liverpool បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​លើ​តម្លៃ​ខ្លួន​១០០លានអឺ​រ៉ូ (ស្មើ​នឹង​១០៥​លាន​ដុល្លារ​អាមេរិក) ជាមួយ​នឹងក្លិប Benfica ដើម្បី​នាំ​យក​តារាឆ្នើមអន្តរ​ជាតិ​អ៊ុយ​រូ​ហ្គាយ​រូប​នេះ​។

Liverpool នឹង​ត្រូវ​បង់​ប្រាក់​លើ​តម្លៃ​ខ្លួន​ជា​គោល​ចំនួន​៨០​លាន​អឺ​រ៉ូ និង​ប្រាក់ឧបត្ថម្ភ​​ចំនួន​២០​លាន​អឺ​រ៉ូ​បន្ថែម​ទៀត​។ Nunez បាន​ស្ថិត​ក្នុង​ទីក្រុង Almeria កាលពីថ្ងៃ​អាទិត្យ ដែល​ជា​កន្លែង​រូប​គេ​បាន​លេង នៅ​មុន​ពេល​ចូល​រួម​ជា​មួយនឹងក្លិប Benfica ហើយ​នឹង​ត្រូវ​​ធ្វើ​ដំណើរ​ពី​ប្រទេស​អេ​ស្ប៉ាញ ទៅកាន់​ប្រទេស​អង់គ្លេស​។ កីឡាករ​អន្តរ​ជាតិ​អ៊ុយ​រូហ្គាយ​វ័យ​២២ឆ្នាំ​រូបនេះ បាន​យល់​ព្រម​លើ​កិច្ច​សន្យា​រយៈ​ពេល​​៦​ឆ្នាំ​ និងបើ​បូក​រួម​ទាំង​ប្រាក់​ឧបត្ថម្ភ​នា​នា​ទៀត រូប​គេ​ទំនង​ក្លាយ​ជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួនខ្ពស់​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់ Liverpool ក្រោយពី​តម្លៃ​ខ្លួន​របស់​គេ​​គឺ​ខ្ពស់​ជាង​តម្លៃខ្លួន​៧៥លានផោន ដែល​ Liverpool បាន​ចំណាយ​ទិញ​ខ្សែ​ការ​ពារ Virgil van Dijk ពី​ក្លិប Southampton កាលពី​ខែ​មករា ឆ្នាំ​២០១៨​។

Nunez គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ ក្នុងក្រប​ខ័ណ្ឌ​កំពូល​របស់​ព័រ​ទុយ​ហ្គាល់ ក្នុង​រដូវ​កាល​ឆ្នាំ​២០២១-២០២២ ក្រោយ​ពី​រក​បាន​២៦​គ្រាប់ និង​បាន​ស៊ុត​បាល់បញ្ចូល​ទី​៣៤​គ្រាប់ ក្នុង​រាល់​យុទ្ធនា​ការ​ទាំង​អស់​។ រូប​គេ​ក៏​បាន​ស៊ុត​បាល់បញ្ចូល​ទី​ផង​ដែរ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨ក្រុមចុងក្រោយ ទាំង​២​ជើង របស់ Benfica ជាមួយនឹង​ក្រុម Liverpool កាលពី​ខែ​មេសា ហើយ​រូប​គេ​ក៏​ទទួលបាន​ការ​កោតសរសើរ​ពី​លោក Jurgen Klopp ផង​ដែរ​៕

 

ប្រភព​​ព័ត៌មាន៖ The Guardian